តម្លៃខុនដូនៅទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា Yangon កំពុងហក់ឡើងខ្ពស់កប់ពពក

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅក្នុងទីក្រុង Yangon របស់ប្រទេសមីយ៉ាន់ម៉ា កំពុងកើនឡើងយ៉ាងគំហុក ស្របពេលអ្នកស្រុកជាច្រើនរស់នៅតំបន់ជនបទបានរត់ភៀសខ្លួនទៅកាន់ទីក្រុងដ៏ធំបំផុតមួយនេះ ដោយសារផលប៉ះពាល់នៃសង្រ្គាមស៊ីវិល។

ថ្មីៗនេះ ម្ចាស់ផ្ទះមួយរូបបានសាកសួរទៅកាន់អ្នកជំនួញជនជាតិឥណ្ឌាម្នាក់រស់នៅឯអគារប្រណីត StarCity នៅជាយក្រុង Yangon ថា “តើ​អ្នក​នឹង​ពិចារណា​បញ្ចប់​កិច្ចសន្យាជួល​ ហើយ​ចាក​ចេញ​ពី​ទី​នេះ​ឬទេ?”។

អ្នកជំនួញឥណ្ឌារូបនោះបានបង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​សំណួរនេះ ព្រោះកិច្ចសន្យាជួលរបស់លោកមានរយៈពេល១ឆ្នាំ។ គិតមកទល់ពេលនេះ កិច្ចសន្យាមានសពុលភាពនៅសេសសល់ជិត៦ខែ។ ប៉ុន្តែ ម្ចាស់ផ្ទះមានបំណងលក់ផ្ទះនោះចេញភ្លាមៗ បន្ទាប់ពីអតិថិជនមួយរូបមកពីទីក្រុង Mandalay ស្ថិតនៅចំកណ្តាលប្រទេសមីយ៉ាន់ម៉ា បានស្នើសុំទិញយកក្នុងតម្លៃខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្រយុទ្ធគ្នារវាងរបបយោធាមីយ៉ាន់ម៉ា និងក្រុមបះបោរជនជាតិភាគតិចកំពុងរីករាលដាលទូទាំងប្រទេស។ ជាមួយគ្នានេះ លំហូរជន​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​កំពុង​សម្រុក​ទៅ​កាន់ទីក្រុង Mandalay ជា​ទីក្រុង​ធំ​បំផុតទី២របស់​ប្រទេសមីយ៉ាន់ម៉ា។

ផ្ទុយទៅវិញ ការណ៍នេះ​បាន​ជំរុញ​ឱ្យ​ប្រជាជនមានដើមកំណើតនៅ​ក្នុង​ទីក្រុង Mandalay កាន់​តែ​ច្រើន​ផ្លាស់​ទីលំនៅទៅ​កាន់ទីក្រុង Yangon។

ការកើនឡើងនៃតម្លៃលំនៅដ្ឋានក៏បណ្តាលមកពីកត្តាប្រជាជនសម្រុកងាកចេញពីការវិនិយោគលើរូបិយប័ណ្ណក្នុងស្រុកទៅជាការវិនិយោគលើអចលនទ្រព្យជំនួសវិញ ដោយសារពួកគេភ័យខ្លាចថា តម្លៃរូបិយប័ណ្ណក្នុងស្រុករបស់មីយ៉ាន់ម៉ានឹងដាំក្បាលចុះបន្ថែមទៀត។

យោងតាមទីភ្នាក់ងារអចលនទ្រព្យ iMyanmarHouse បានរាយការណ៍ថា ខុនដូស្តង់ដារជាច្រើននៅទីក្រុង Yangon ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល៥០០លានគីយ៉ាត (ប្រមាណ៩១.០០០ដុល្លារអាមេរិក) ក្នុងមួយយូនីតនៅក្នុងខែសីហា ឆ្នាំ២០២៤។

តួលេខនៃតម្លៃខាងលើបានហក់ឡើងជាង៧០% បើធៀបនឹងកម្រិតតម្លៃនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ នៅពេលក្រុមយោធាមីយ៉ាន់ម៉ាបានចូលកាន់កាប់រដ្ឋាភិបាល។ តម្លៃខុនដូជាមធ្យមបានកើនឡើងប្រហែល៣០% ក្នុងចន្លោះខែមិថុនា និងខែកក្កដា ឆ្នាំ២០២៤៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here