អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃសុក្រនេះ ខណៈប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះយ៉ាងគំហុក បន្ទាប់ពីទីផ្សារបានបង្កើនការរំពឹងទុកចំពោះការទម្លាក់អត្រាការប្រាក់ចំនួន០,៥ភាគរយដោយធនាគារកណ្តាលអាមេរិកនៅសប្តាហ៍ក្រោយ។ តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣ភាគរយដល់២៥៦៦,៤៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦៤ភាគរយដល់២.៥៩៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤១នាទីព្រឹក។ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥៥៨,៧៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៨០,៦០ដុល្លារក្នុងមួយអោន។ បច្ចុប្បន្ន ទីផ្សារបង្កើនឱកាសដល់៤៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,៥ភាគរយក្នុងកំឡុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃពុធ សប្តាហ៍ក្រោយ។នេះបើយោងតាមឧបករណ៍ CME FedWatch។ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០១,០៣ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៣៧ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៧៧%ដល់៣០,៣៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៨៣%ដល់៩៩០,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២៦%ដល់១០៥១,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤១នាទីព្រឹក៕
ដោយ: គង់ លាងហួរ