អ្នកអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សចំនួន២មិនសមបំណង លើការអភិវឌ្ឍអចលនទ្រព្យនៅសិង្ហបុរី

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យធំៗចំនួន២ របស់សិង្ហបុរីបានរាយការណ៍ ពីលទ្ធផលប្រាក់ចំណូលខុសគ្នា នៅក្នុងឆមាសទី១ កាលពីថ្ងៃទី១៤ ខែសីហា ដោយសារការដំឡើងអត្រាការប្រាក់ និងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យសកល។

ប្រាក់ចំណេញសុទ្ធ(Net Profit) របស់ក្រុមហ៊ុនយក្ស CapitaLand Investment (CLI) ក្នុងឆមាសទី១ បានធ្លាក់ចុះ៥,៧%មកនៅត្រឹម៣៣១លានដុល្លារ បើធៀបនឹងឆ្នាំមុន បន្ទាប់ពីខាតបង់ចំនួន១៧០លានដុល្លារ ក្នុងឆមាសទី២ ឆ្នាំ២០២៣។ ប៉ុន្តែប្រាក់ចំណូល(Revenue) បានកើនឡើងបន្តិចដល់១,៣៧ពាន់លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន CapitaLand បានវាយតម្លៃថា ការធ្លាក់ចុះនៃប្រាក់ចំណេញរបស់ខ្លួន បណ្តាលមកពីការវិនិយោគ អចលនទ្រព្យ ដែលបានរងផលប៉ះពាល់ ពីការដំឡើងអត្រាការប្រាក់ខ្ពស់ និងការប្រែប្រួលនៃអត្រាប្តូរប្រាក់បរទេស។

ទាក់ទងនឹងបញ្ហានេះ លោក Lee Chee Koon នាយកប្រតិបត្តិក្រុមហ៊ុនCLI បានលើកឡើងថា “នៅឆ្នាំ២០២៤នេះ យើ​ងនឹងបន្តស្តារផលប័ត្រឡើងវិញ និងបន្តរក្សានូវសន្ទុះនៃការធ្វើពិពិធកម្មការវិនិយោគ នៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក”។

លោក Andrew Lim ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការ(COO) របស់ក្រុមហ៊ុន CapitaLand Investment អះអាងថា លោកមើលឃើញឱកាសវិនិយោគ នៅក្នុងប្រទេសអូស្ត្រាលី ដូចជា ផ្នែកឥណទាន និងកន្លែងស្នាក់នៅ។  ក្រុមហ៊ុនក៏កំពុងស្វែងរកការវិនិយោគ លើមជ្ឈមណ្ឌលទិន្នន័យរបស់ប្រទេសជប៉ុន ក៏ដូចជាអគារការិយាល័យកម្រិត A របស់ប្រទេសកូរ៉េខាងត្បូងផងដែរ។

ទន្ទឹមនឹងនោះ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន City Developments (CDL) បានកើនឡើង៣២ភាគរយ ដល់៨៧,៨លានដុល្លារ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បើធៀបនឹងប្រាក់ចំណូលសុទ្ធចំនួន៦៦,៥លានដុល្លារ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប៉ុន្តែប្រាក់ចំណូល(Revenue) បានដាំក្បាលចុះ៤២ភាគរយដល់១,៥៦ពាន់លានដុល្លារ។

លោក Sherman Kwek នាយកប្រតិបត្តិក្រុមហ៊ុន CDL  បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វិស័យអចលនទ្រព្យបានប្រឈមមុខ នឹងបញ្ហាយ៉ាងខ្លាំង ពីលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងការចំណាយហិរញ្ញប្បទានកាន់តែខ្ពស់ ដែលជះឥទ្ធិពល ដល់ដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន”៕ប្រភព:BLOOMBERG៕

LEAVE A REPLY

Please enter your comment!
Please enter your name here