តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលរបាយការណ៍អត្រាអ្នកមានការងារធ្វើរបស់សហរដ្ឋអាមេរិក ដើម្បីដឹងតម្រុយបន្ថែមទៀតអំពីគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤១%ដល់២៤៥៥,៥៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៩១%ដល់២៤៥៧,១០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៨នាទីព្រឹក។

ភាពតានតឹងភូមិសាស្ត្រនយោបាយ  ជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងក្តីសង្ឃឹមលើការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) បានជំរុញឱ្យតម្លៃមាសហក់ឡើងថ្លៃ ខណៈក្រុមអ្នកវិនិយោគរង់ចាំអ៊ុតមើលទិន្នន័យអត្រាអ្នកមានការងារធ្វើនៅអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន ទីផ្សារនៅតែបន្តមើលឃើញឱកាសចំនួន១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះវិញដល់១០៤,៣៤ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានងើបឡើងថ្លៃក្នុងអំឡុងពេលបិទការជួញដូរត្រឹម១០៤,៤២ពិន្ទុកាលពីម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,៨%ដល់២៨,៩៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៥៨%ដល់៩៧៦,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៤៤%ដល់៨៩៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៩នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here