កំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានសន្ទុះកាន់តែខ្លាំងក្នុងសម័យកូវីដ១៩

ដោយ៖ លក្ខិណា

ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅពេលពិភពលោកបានជួបវិបត្តិនឹងជំងឺឆ្លងជាសកល កំណើននៃការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា កាន់តែមានសន្ទុះខ្លាំង និងបានជួយសម្រួលដល់ធុរជនកាន់តែច្រើនផងដែរពីរបៀបបែបផែននៃអាជីវកម្មថ្មីនេះ។

លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា២០២០នេះថា កំណើននៃការធ្វើអាជីវកម្ម ឬហៅថាពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ហាក់មានកំណើនខ្ពស់ជាពិសេសនៅក្នុងឆ្នាំ ២០២០នេះ ក្នុងពេលដែលមានវិបត្តិនៃជំងឺកូវីដ១៩។

លោកបានថ្លែងថា “នៅពេលមនុស្សខ្លាចការឆ្លងជំងឺកូវីដ១៩ ពួកគេក៏មិនហ៊ានចេញក្រៅ ហើយការបង្កើតអាជីវកម្ម ដែលអាចបញ្ជាទិញទំនិញតាមទូរសព្ទដៃដោយមានអ្នកដឹកជញ្ជូនមកដល់ផ្ទះ ក៏មានកាន់តែច្រើន ដូចជាម្ហូបអាហារ និងទំនិញផ្សេងៗជាច្រើនទៀតផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការបង្កើតអាជីវកម្មទំរង់បែបនេះកាន់តែច្រើន ក៏ដោយសារតែមានតម្រូវការទិញដូរតាមរយៈប្រព័ន្ធនេះច្រើនផងដែរ ហើយក៏វាពាក់ព័ន្ធជាមួយនឹងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអ៊ីនធើណេត លឿនរហ័ស ដែលអាចឱ្យអ្នកលក់ និងអ្នកទិញអាចធ្វើការទំនាក់ទំនងគ្នាបានស្រួល និងចំណេះដឹងរបស់ពលរដ្ឋពាក់ព័ន្ធនឹងបច្ចេកវិទ្យាកាន់តែច្រើនឡើងផងដែរ។

លោកបន្ថែមថា ទន្ទឹមនឹងមានកំណើនអាជីវកម្មនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានកំណើនខ្ពស់មែន តែក៏មានការបារម្ភមួយចំនួនផងដែរពាក់ព័ន្ធជាមួយនឹងក្លែងម៉ាកទំនិញ និងទំនិញមិនមានគុណភាព ធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងធ្វើឱ្យបាត់បង់ជំនឿពីអ្នកប្រើប្រាស់តាមរយៈទំនិញ ដែលគេទិញតាមប្រព័ន្ធអេឡិចត្រូនិកនេះ។

តាមការបញ្ជាក់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មថា នៅពេលកំណើននៃអាជីវកម្មនេះកាន់តែច្រើន រដ្ឋាភិបាលក៏បានទទួលចំណូលពីវិស័យនេះមួយចំនួនផងដែរ ហើយការយកពន្ធទៀតសោត ក៏បានគិតគូរច្បាស់ណាស់ថា តើ អាជីវកម្មកម្រិតណាទើបជាប់ពន្ធ ហើយអាជីវកម្មប្រភេទណាដែលមិនយកពន្ធ។ បើសិនជាអាជីវកម្មនោះជាលក្ខណៈខ្នាតតូចៗ ខាងរដ្ឋនឹងមិនយកពន្ធទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកន្លងមកថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងអាចជំរុញឱ្យអាជីវកម្មខ្នាតតូច និងមធ្យម អាចមានសន្ទុះមួយកម្រិតទៀតផងដែរ ហើយក៏ជាការចូលរួមចំណែកមួយជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាផែនការម៉ាក្រូសេដ្ឋកិច្ច ក្នុងបដិវត្តន៍ឧស្សាហកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here