តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃពុធនេះ ខណៈប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ មុនពេលចេញផ្សាយសេចក្តីសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិក(Fed) លើទិសដៅគោលនយោបាយអត្រាការប្រាក់របស់ខ្លួននាពេលអនាគត។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៥%ដល់២៤១៤,៥៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៤%ដល់២៤១៣,១០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៥នាទីព្រឹក។

ក្រុមអ្នកវិនិយោគកំពុងរង់ចាំសេចក្តីប្រកាសរបស់ធនាគារកណ្តាលអាមេរិកនៅចុងកិច្ចប្រជុំនៅថ្ងៃពុធនេះ ដោយក្នុងនោះ ទីផ្សាររំពឹងថា ធនាគារ Fed នឹងរក្សាអត្រាការប្រាក់ឱ្យនៅថេរដដែល ស្របពេលដែលការកាត់បន្ថយអត្រាការប្រាក់អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះដល់១០៤,៣៨ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,៥៥ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៧៥%ដល់២៨,៧៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៥៦%ដល់៩៧៦,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៦៦%ដល់៨៨៧,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៦នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here