មន្រ្តីជាន់ខ្ពស់NBCអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ឋចូលរួមលើក កំពស់ប្រាក់រៀល

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកយឹម លាត បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសលោកបានបន្តដឹកនាំចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រីរាជការ ខេត្តព្រៃវែង នៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង ខេត្ដព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

សកម្មភាពបន្តចុះផ្សព្វផ្សាយនេះ បានប្រព្រឹត្តិទៅមានការចូលរួមពីលោក ហ៊ី ធួក អភិបាលរងខេត្តព្រៃវែង ព្រមទាំងមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១,០០០នាក់។

លោកយឹម លាត តាងនាមឲ្យធនាគារជាតិនៃកម្ពុជា បានគោរពថ្លែងអំណរគុណពោះ រដ្ឋបាលខេត្តព្រវែង និងលោក លោកស្រី តំណាងមន្ទីរ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ ចូលរួមក្នុងសិក្ខាសាលានាពេលនេះ ពិតជាបានបង្ហាញនូវការរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រប្រាក់រៀលរបស់ប្រទេ​សជាតិយើង។

លោកបានបន្តថា ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច មានលំនឹងល្អប្រសើរ។

យោងតាមទិន្នន័យអង្កេត របស់ធនា​គារជាតិនៃកម្ពុជា សហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១៧ កន្លងមកបានបង្ហាញថា សម្រាប់ខេត្តព្រៃវែង ជាមធ្យមប្រមាណ៨៨% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើងជាប្រាក់រៀល។ នេះជាការរួមចំណែករបស់ប្រជាជននៅខេត្តព្រៃវែង ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

លោកយឹម លាត បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ដូចជាតាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ និងការសន្សំជាប្រាក់រៀល។

លោកបន្តថា ប្រព័ន្ធទូទាត់បាគង ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ សម្រាប់ធ្វើប្រតិបត្តិការឌីជីថលផ្សេងៗ ដូចជាទូទាត់ និងផ្ទេរប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ទាំងក្នុងប្រទេស និងនៅប្រទេសជាដៃគូ ក្នុងនោះមានប្រទេសថៃ វៀតណាម និងឡាវ តាមរយៈ KHQR Code។

ក្រៅពីនេះ ធនាគារជាតិកម្ពុជា នឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ក្នុងឆ្នាំនេះ តាមផែនការតភ្ជាប់ជាមួយប្រទេសផ្សេងៗទៀតក្នុងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here