តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ បន្ទាប់ពីទិន្នន័យបង្ហាញថា អត្រាអតិផរណារបស់សហរដ្ឋអាមេរិកបានប្រែប្រួលដូចការរំពឹងទុក ដែលការណ៍នេះបានជំរុញឱ្យអ្នកវិនិយោគមានសុទិដ្ឋិនិយមកាន់តែខ្ពស់លើការបញ្ចុះអត្រាការប្រាក់របស់ធនាគារ Fed។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣០%ដល់២៣៩២,៨៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥៣%ដល់២៣៩៣,៦០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៥នាទីព្រឹក។

យោងតាមការិយាល័យវិភាគសេដ្ឋកិច្ចនៃក្រសួងពាណិជ្ជកម្មអាមេរិក បានរាយការណ៍ថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE)របស់សហរដ្ឋអាមេរិកបានកើនឡើងដូចការរំពឹងទុកក្នុងរង្វង់០,១%នៅខែមិថុនា បន្ទាប់ពីបានស្ថិតនៅទ្រឹងកាលពីខែឧសភា។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះដល់១០៤,២៣ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,៣២ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤១%ដល់២៨,១៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៧៦%ដល់៩៥១,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៨០%ដល់៨៩៤ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៥នាទីព្រឹកថ្ងៃច័ន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here