តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃពុធនេះ ខណៈបណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលអាចផ្តល់តម្រុយអំពីទិសដៅគោលនយោបាយអត្រាការប្រាក់របស់ធនាគារ Fed។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣២%ដល់២៤១៦,៨៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៩%ដល់២៤១៦,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣០នាទីព្រឹក។

បច្ចុប្បន្ននេះ បណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យសំខាន់ៗ រួមមានដូចជា អត្រាកំណើនសេដ្ឋកិច្ចអាមេរិកនៅត្រីមាសទី២ ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ស្អែក និងសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE) ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រ។

យោងតាមការស្ទង់មតិរបស់សារពត៌មាន Reuters បានបង្ហាញថា ក្រុមសេដ្ឋវិទូភាគច្រើនបំផុតមានសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិក(Fed)នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន២លើកក្នុងឆ្នាំ២០២៤នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ បណ្តាអ្នកវិនិយោគក៏គ្រោងនឹងផ្តោតការយកចិត្តទុកដាក់លើការថ្លែងសុន្ទរកថារបស់លោក Jerome Powell ប្រធានធនាគារ Fed នៅចុងបញ្ចប់នៃកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរយៈពេល២ថ្ងៃ ដែលត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដានេះ។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៤,៤៨ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,៤៥ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៦៦%ដល់២៩,៥២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១៥%ដល់៩៥៤,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១%ដល់៩១២ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣០នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here