ចំណេះដឹង! តើ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​ជ្រើសរើស​បាន​ក្រុមហ៊ុន​ល្អ​នៅ​ផ្សារ​ហ៊ុន?

ដោយៈ​សាវុធ

ភ្នំពេញៈ នៅពេល​សម្រេចចិត្ត​ត្រៀម​ថវិកា និង​ពេលវេលា​មួយចំនួន ដើម្បី​ចូល​វិនិយោគ​នៅ​ផ្សារ​ហ៊ុន​រួចហើយ វិនិយោគិន​គួរ​ចាប់ផ្តើម​រកមើល​ក្រុមហ៊ុន​ចុះបញ្ជី​ណា ដែល​ទំនងជា​នឹង​រកបាន​ប្រាក់ចំណេញ​ច្រើន​នាពេល​អនាគត។

តើ​គួរពិនិត្យមើល​លើ​ព័ត៌មាន​អ្វីខ្លះ ដើម្បី​អាច​ជ្រើសរើស​បាន​ក្រុមហ៊ុន​ល្អ​បែបនេះ? នេះ​ជា​សំនួរ​ដែល​ទាមទារ​ចម្លើយ​ដ៏​វែង ប៉ុន្តែ​នៅទីនេះ​យើង​នឹង​ផ្តល់ជូន​នូវ​ចម្លើយ​សង្ខេប ដើម្បី​ជា​ទុន​និង​បង្ហាញផ្លូវ​ដល់​វិនិយោគិន ដើម្បី​សិក្សា​បន្ថែម​ដោយ​ខ្លួនឯង​បន្តទៀត។ ការ​បង្ហាញជូន​នៅទីនេះ ក៏​កម្រិត​នៅត្រឹម​ការវិភាគ​លើ​គុណភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ ខណៈដែល​ការវិភាគ​ពេញលេញ​ទាមទារ ឱ្យមាន​ការវិភាគ​អំពី​វិស័យ ដែល​ក្រុមហ៊ុន​នោះ​ស្ថិតនៅ​ផង និង​អំពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ទាំងមូល​ផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាធម្មតា​មុននឹង​សម្រេចចិត្ត​ចូល​ហ៊ុន​វិនិយោគ ជាមួយនឹង​ក្រុមហ៊ុន​ណាមួយ យើង​ត្រូវការ​ស្គាល់​ក្រុមហ៊ុន​នោះ​ឱ្យបាន​ច្បាស់ (ទៅតាម​លទ្ធភាព)ជាមុនសិន។ ព័ត៌មាន​អំពី​ក្រុមហ៊ុន ដែល​យើង​គួរពិនិត្យមើល​អាច​ចែកចេញជា​ពីរធំៗគឺ ព័ត៌មាន​អំពី​អាជីវកម្ម និង​ព័ត៌មាន​អំពី​ហិរញ្ញវត្ថុ។

ព័ត៌មាន​អំពី​អាជីវកម្ម

– ព័ត៌មាន​អំពី​អាជីវកម្មចម្បងៗរបស់​ក្រុមហ៊ុន។

– ប្រវត្តិ​នៃ​ការវិវត្ត​របស់​ក្រុមហ៊ុន។

– ផែនការ​និង​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​ក្រុមហ៊ុន។

– ប្រវត្តិ​និង​សមត្ថភាព​របស់​ស្ថាបនិក និង​ថ្នាក់ដឹកនាំសំខាន់ៗរបស់​ក្រុមហ៊ុន។

– នយោបាយ​គ្រប់គ្រង​បុគ្គលិក (និង​ទំនាក់ទំនង​ជាមួយ​សហ​ជីព)។

– ប្រាក់បៀវត្ស និង​ប្រាក់​លើកទឹកចិត្តផ្សេងៗរបស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន។

– នយោបាយ​បែងចែក​ភាគលាភ​ដល់​ភាគ​ហ៊ុ​និក។

– ។ល។

ព័ត៌មាន​អំពី​ហិរញ្ញវត្ថុ

តាមរយៈ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ដែល រួមមាន តារាង​តុល្យការ របាយការណ៍​លទ្ធផល និង​របាយការណ៍​លំហូរ​សាច់ប្រាក់ វិនិយោគិន​គួរពិនិត្យមើល​និង​គណនា​រក​ព័ត៌មាន​មួយចំនួន ដូចជា៖

– ភាព​ចំណេញ​របស់​ក្រុមហ៊ុន (Profitability)៖ ប្រាក់ចំណេញ​ធៀប​នឹង​ចំណូល​ដែល​រកបាន (Profit Margin) ប្រាក់ចំណេញ​ធៀប​នឹង​ទ្រព្យសកម្ម​ដែល​បាន​ប្រើ (Return on Asset) ប្រាក់ចំណេញ​ធៀប​នឹង​មូលធន​ភាគ​ហ៊ុ​និក (Return on Equity) ។ល។

– សុខភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុនៈ កម្រិត​បំណុល​ធៀប​នឹង​មូលធន​ភាគ​ហ៊ុ​និក(Debt/Equity) ប្រាក់ចំណេញ​មុន​បង់​ការប្រាក់​និង​ពន្ធ​ធៀប​នឹង​ការប្រាក់ (Interest Coverage) កម្រិត​នៃ​ទុន​បង្វិល (Working Capital) ។ល។

– ប្រសិទ្ធិភាព​ក្នុងការ​ប្រើប្រាស់​ធនធាន៖ ចំណូល​រកបាន​ធៀប​នឹង​ទ្រព្យសកម្ម​ដែល​បាន​ប្រើ (Asset Turnover) ថ្លៃដើម​លក់​ធៀប​នឹង​ទំហំ​ស្តុក (Inventory Turnover) ប្រាក់ចំណូល​ធៀប​នឹង​ប្រាក់​ដែល​អតិថិជន​ជំពាក់ (Account Receivable Turnover) ។ល។

– ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here