តម្លៃដីដែលថ្លៃបំផុតនៅទីក្រុងតូក្យូបន្តកើនឡើងកាន់តែខ្ពស់នៅឆ្នាំ២០២៤នេះ

ដោយ: គង់ លាងហួរ

តូក្យូ: តម្លៃដីជាមធ្យមក្នុងប្រទេសជប៉ុនបានកើនឡើង២,៣ភាគរយក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំមុន ដែលកើនឡើងលើសអត្រា២ភាគរយជាលើកដំបូង និងជាអត្រាកំណើនប្រចាំឆ្នាំខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១០។

តម្លៃដីនៅប្រទេសជប៉ុនបានកើនឡើងរយៈពេល៣ឆ្នាំជាប់ៗគ្នា ខណៈសេដ្ឋកិច្ចកំពុងងើបឡើងវិញពីជំងឺរាតត្បាត។ ម្យា៉ងទៀត កំណើននៃភ្ញៀវទេសចរណ៍ក៏បានជួយបង្កើនតម្រូវការខុនដូនៅក្នុងតំបន់ទីក្រុងផងដែរ។

ទីតាំងដី ដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសជប៉ុន គឺស្ថិតនៅពីមុខហាងលក់សម្ភារៈការិយាល័យ Kyukyodo ក្នុងសង្កាត់ Ginza នៃទីក្រុងតូក្យូ។ ដីនៅទីនោះត្រូវបានដាក់លក់ក្នុងតម្លៃ៤៤,២៤លានយ៉េន (២៧៥.០០០ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ កើនឡើង៣,៦ភាគរយធៀបនឹងឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងចំណោមខេត្តទាំង៤៧នៅទូទាំងប្រទេសជប៉ុន ក្នុងនោះគេសង្កេតឃើញថា តម្លៃដីជាមធ្យមនៅក្នុងខេត្តចំនួន២៩បានកើនឡើងខ្ពស់ជាងមុននៅឆ្នាំនេះ។នេះបើយោងតាមទិន្នន័យពីរដ្ឋាភិបាលជប៉ុន ដែលចុះផ្សាយនៅដើមខែកក្កដា។

តួយ៉ាង តម្លៃដីនៅខេត្ត Fukuoka បានឈរនៅកំពូលតារាងនៅឆ្នាំនេះ ដោយតម្លៃដីមានការកើនឡើង៥,៨ភាគរយ បន្ទាប់មកគឺតម្លៃដីនៅខេត្តអូគីណាវ៉ាបានកើនឡើង៥,៦ភាគរយ តម្លៃដីនៅទីក្រុងតូក្យូបានកើនឡើង៥,៣ភាគរយ និងតម្លៃដីនៅខេត្តកោះហុកកៃដូបានកើនឡើង៥,២ភាគរយ។

ផ្ទុយទៅវិញ តម្លៃដីជាមធ្យមនៅក្នុងខេត្តចំនួន១៦ផ្សេងទៀតបានធ្លាក់ចុះ ដោយក្នុងនោះ តម្លៃដីនៅខេត្ត Wakayama បានធ្លាក់ចុះ១ភាគរយ តម្លៃដីនៅខេត្តEhime បានថយចុះ០,៨ភាគរយ ខណៈតម្លៃដីនៅខេត្ត Toyama និងខេត្ត Kagoshima បានធ្លាក់ចុះ០,៦ភាគរយដូចគ្នា៕ប្រភព:Kyodo News៕

LEAVE A REPLY

Please enter your comment!
Please enter your name here