មន្រ្តីជំនាញពីការយកពន្ឋលើអាករបន្ថែម និងមិនយកពន្ឋ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោកបណ្ឌិត កែន សម្បត្តិ ​បានមានប្រសាសន៍ថា ការបញ្ជាទិញទំនិញរូបីពីក្រៅប្រទេស តាមមធ្យោបាយអេឡិចត្រូនិក (Online) ហើយទំនិញរូបីទាំងនោះ ត្រូវបានបញ្ចូនមកអ្នកបញ្ជាទិញ ដោយផ្ទាល់តាមមធ្យោបា​យដឹកជញ្ជូនផ្សេងៗនោះ មិនស្ថិតក្រោមវិសាលភាព នៃការអនុវត្តអា​ករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក(e-Commerce) នោះទេ។

ទំនិញរូបី សំដៅដល់ទ្រព្យទាំងឡាយណា ដែលអាចប៉ះពាល់ ឬចាប់កាន់បាន ដូចជា គ្រឿងសង្ហារឹម គ្រឿងអលង្ការ សម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍សម្រាប់ធ្វើអាជីវកម្ម។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអគ្គនាយករងលើកឡើងបែបនេះ ក្នុងកម្មវិធីពន្ធដារកម្ពុជា” ក្រោមប្រធានបទ “អាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិ​ជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក”។ ​​

លោកបានបញ្ជាក់ថា អាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានវិសាលភាពអនុវត្ត ចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅ​ប្រទេសកម្ពុជាមក​កម្ពុជា និងចំពោះអ្នកជាប់ពន្ធនិវាសនជន ដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ​ដូចជា ការបញ្ជាទិញនិងការទាញយកទំនិញឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិកការផ្សព្វ​ផ្សា​យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកការទិញសូហ្វវែរ ហ្គេមអេឡិចត្រូនិក ជាដើម។

លោកបន្ថែមថា “យន្តការក្នុងការអនុវត្តអាករ លើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនេះ ចែកចេញជាពីរផ្នែក”។

ទី១. អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលមក​កម្ពុជា ដែលមានផលរបរប្រចាំឆ្នាំ ក្នុងកម្រិតចាប់ពី២៥០លានរៀលឡើងទៅ ឬរំពឹងថាមានផលរបរ ក្នុងរយៈពេលបីខែជាប់គ្នាណាមួយ ដែលបានបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តចាប់ពី៦០លានរៀលឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឱ្យបានរួចរាល់ ក្នុងអំឡុងពេល៣០ថ្ងៃ ក្រោយផលរបរដល់កំណត់ ត្រូវចុះបញ្ជីដោយការចុះបញ្ជីនេះ ត្រូវបានអនុវត្តសម្រាប់តែគោលដៅអាករលើតម្លៃបន្ថែមតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ រដ្ឋបាលសារពើពន្ធមានសិទ្ធិ ចុះបញ្ជីអាករលើតម្លៃបន្ថែមជាឯកតោភាគី ក្នុងករណីដែលអ្នកជាប់ពន្ធ មិនបានមកចុះបញ្ជី ឬមិនបានមកចុះបញ្ជីតាមការអញ្ជើញ របស់រដ្ឋបាលសារពើពន្ធ ដោយផ្អែកលើព័ត៌មាន និងទិន្នន័យដែលរដ្ឋបាលសារពើពន្ធមាន។

បន្ទាប់ពីបានចុះបញ្ជីអាករលើតម្លៃបន្ថែម សាមញ្ញរួចហើយ អ្នកជាប់ពន្ធនឹងក្លាយជាបុគ្គលជាប់អាករ និងមានកាតព្វកិច្ចកាត់ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលមកព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដាក់លិខិតប្រកាស និងបង់ប្រាក់អាករជូនរដ្ឋបាលសារពើពន្ធ។

ទី២ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្ម​ភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ពីអ្នកជាប់ពន្ធអនិវាសនជនចូលមក​កម្ពុជា ត្រូវគិតអាករលើតម្លៃបន្ថែម តាមវិធីគិតអាករជំនួ​ស (Reverse Charge) ដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែម ជូនរដ្ឋបាលសារពើពន្ធ។

ប្រាក់អាករលើតម្លៃបន្ថែម ដែលបានបង់តាមវិធីគិតអាករជំនួសនេះ ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូល៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here