គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបានចំណូល ១៦៦.៥១៨លានរៀលក្នុងត្រីមាសទី៣ ឆ្នាំនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំណូលការប្រាក់សរុបចំនួន ១៦៦.៥១៨ លានរៀល ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ កើនជាងត្រីមាសទី៣ ឆ្នាំ២០១៩ ចំនួន ២៩.៤៧៣ លានរៀល ស្មើនឹង ២២%។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានដាក់ជូនក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានៅក្នុងសប្តាហ៍នេះ។

ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៥.៤៤៥ លានរៀល ថយចុះ ចំនួន ១៤,៤៩០ លានរៀល ស្មើនឹង ៣៦% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។

សម្រាប់រយៈពេល ៩ ខែ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំណូលការប្រាក់សរុបចំនួន ៤៩៨.០៤៥ លានរៀល កើនចំនួន ១២៥.៤១៣ លានរៀល ស្មើនឹង ៣៤% បើធៀបនឹងរយៈពេល៩ ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

ចំណេញសុទ្ធ មានចំនួន ១១១.១៨០ លានរៀល កើន ចំនួន ១០៧ លានរៀល ស្មើនឹង ០,១០% បើធៀបនឹងរយៈពេល ៩ ខែ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្មសរុប របស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំនួន ៤.៤០៨.០០៨ លានរៀល កើន ចំនួន ២៩៤.៩០១ លានរៀល ស្មើនឹង ៧% និងមូលធនសរុប មានចំនួន ៦៦៤.៥៨៧ លានរៀល កើនចំនួន ១១១.១៨០ លានរៀល ស្មើនឹង ២០% បើធៀបនឹង ៣១ ខែធ្នូ ឆ្នាំ២០១៩។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនេះ នៅក្នុងប្រទេសកម្ពុជា បានទទួល ការអនុញ្ញាតជាផ្លូវការពី ធនាគារជាតិនៃកម្ពុជា លើការបោះផ្សាយលក់មូលបត្របំណុលជាប្រភេទសញ្ញាបណ្ណសាជីវកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

ទំហំនៃការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មនេះមានចំនួនជាទឹកប្រាក់សរុប ៨០ ប៊ីលលាន រៀល ដែលនេះជាលើកទីមួយហើយដែល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ធ្វើការបោះផ្សាយ ក្នុង ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here