ក្រសួងការងារនិងILOចុះMOUលើគំរោងកម្មវិធីការងារ សមរម្យនៅកម្ពុជា

        ដោយៈ គង់ ហ្វីអួណា

        ភ្នំពេញៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើគម្រោងកម្មវិធីការងារសមរម្យនៅកម្ពុជា ដំណាក់កាលទី៦ ឆ្នាំ២០២៤-២០២៨។

កម្មវិធីដែលប្រារព្ឋនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Chihoko Asada-Miyakawa ឧបការរីអគ្គនាយកអង្គការអន្តរជាតិខាងការងារ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ ILO រួមទាំងតំណាងកម្មករនិយោជិត និងតំណាងសមាគមនិយោជកផងដែរ។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីការងារសមរម្យជាច្រើនដំណាក់កាល កន្លងមកនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ជាពិសេស ការលើកកម្ពស់លក្ខខណ្ឌការងារ ការពង្រីករបបសន្តិសុខសង្គម និងការលើកកម្ពស់ផលិតភាពការងារ តាមរយៈកិច្ចសន្ទនាសង្គម និងយន្តការត្រីភាគី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបន្ថែមថា ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងការងារ តែងតែពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយដៃគូសង្គម និងដៃគូអភិវឌ្ឍនានា ជាពិសេសអង្គការអន្តរជាតិខាងការងារ ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ កម្ពុជាអាចបន្តរក្សាបាននូវស្ថិរភាពទីផ្សារការងារ ការលើកកម្ពស់ជំនាញនិងផលិតភាពការងារ លក្ខខណ្ឌការ​ងារល្អប្រសើរ កំណើនប្រាក់ឈ្នួលអប្បបរមា ការពង្រីករបបសន្តិសុខសង្គម, ការពង្រឹងយន្តការដោះស្រាយវិវាទ ការងារក្រៅប្រព័ន្ធតុលា​ការ ការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ និងការធានាបាននូវភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលសុទ្ធសឹងជាកត្តាគន្លឹះក្នុងការចូលរួមសម្រេចឱ្យបាន នូវការងារសមរម្យស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជា។

លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុក វិស័យឯកជន(ដែលជានិយោជក) និងកម្មករ និយោជិត(ដែលជាប្រភពកម្លាំងពលកម្ម) គឺជាដៃគូសង្គម ដែលមិនអាចខ្វះបាន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះ ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា គម្រោងកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា បានដើរតួរនាទីជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងផែនការសកម្មភាព ដើម្បីជួយឱ្យកម្ពុជាសម្រេចបាននូវកំណើនការងារ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន។

លើសពីនេះ គម្រោងកម្មវិធីនេះក៏បានឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងដៃគូសង្គមក្នុងការដោះស្រាយបញ្ហា ប្រឈមលើផ្នែកទីផ្សារការងារ ទំនាក់ទំនងវិជ្ជាជីវៈ នៅក្នុងប្រទេសកម្ពុជា និងជំរុ​ញឲ្យប្រជាជនកម្ពុជាទាំងអស់ ទទួលបាននូវការងារសមរម្យកាន់​តែច្រើន។

ដោយឡែកតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត លោក សំ សឿន ប្រធានសហភាពពលកម្មកជាតិកម្ពុជា (NLC)វិញ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងជឿជាក់ថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ នឹងទទួលបានលទ្ធផលល្អប្រសើរ ហើយភាគីសហជីព នឹងបន្តចូលរួមសហការកាន់តែជិតស្និតជាមួយក្រសួងការងារ អង្គការILO និងគ្រប់ភាគីពាក់ព័ន្ឋបន្តទៀត ដើម្បីផ្ដល់ឱ្យវិស័យការងារនៅកម្ពុជា កាន់តែមានភាពរីកចម្រើន ជាពិសេសផ្តល់នូវវឌ្ឍនភាព លើការងារសមរម្យ សម្រាប់កម្មករនិយោ​ជិតលើគ្រប់វិស័យនិងប្រជាពលរដ្ឋកម្ពុជា។

កម្ពុជា គឺជាប្រទេសឈានមុខគេមួយ ក្នុងនាមជាសមាជិករបស់អង្គការអន្តរជាតិខាងការងារ ដែលបានអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ចំនួន៥ដំណាក់កាលរួចមកហើយតាំងពីឆ្នាំ២០០៥មក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here