តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃសុក្រនេះ ខណៈចំនួនជនជាតិអាមេរិក ដែលដាក់ពាក្យស្នើសុំជំនួយពីរដ្ឋាភិបាល ក្នុងពេលគ្មានការងារធ្វើ បានកើនឡើងលើសការរំពឹងទុកកាលពីសប្តាហ៍មុន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៤%ដល់២៣៥១,៤៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៧១ភាគរយដល់២៣៥៦,៨ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥២នាទីព្រឹក។

ក្រសួងការងារអាមេរិកបានរាយការណ៍ថា  ចំនួនជនជាតិអាមេរិក ដែលដាក់ពាក្យស្នើសុំជំនួយពីរដ្ឋាភិបាល ក្នុងពេលគ្មានការងារធ្វើ បានកើនឡើងចំនួន២២.០០០នាក់ ដល់២៣១.០០០នាក់កាលពីសប្តាហ៍មុន បើធៀបនឹងការព្យាករណ៍ត្រឹមតែ២១៥.០០០នាក់។

ទិន្នន័យខាងលើនេះបង្ហាញឱ្យឃើញពីការធ្លាក់ចុះបន្តិចបន្តួចនៅក្នុងទីផ្សារការងារអាមេរិក ដែលជំរុញការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក (Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លឿនជាងការរំពឹងទុកពីមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសខ្ពស់បំផុត ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយនៅក្នុងខែវិច្ឆិកាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៥,២៥ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១៩%ដល់២៨,៣៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៧៩ភាគរយដល់៩៨៥,៧៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៧៩ភាគរយដល់៩៧៤,៦១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៤នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here