ដីធ្លីខេត្តកែប បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនក្នុងស្រុក

ដោយ៖ លក្ខិណា
ភ្នំពេញ៖ កែបជាខេត្តមួយជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា និងជាខេត្តមួយមានសក្ដានុពលសម្រាប់វិស័យទេសចរណ៍ ដូច្នេះវិនិយោគិនក្នុងស្រុកជាច្រើន បាននិងកំពុងបាញ់ឆ្ពោះទៅរកខេត្តនេះ ដើម្បីការវិនិយោគរបស់ខ្លួននៅពេលអនាគតខាងមុខនេះ។

លោកងិន ភីរម្យ ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកែប បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សកម្មភាពទិញលក់ដីធ្លីក្នុងខេត្តកែប ឃើញថា មានសកម្មភាពកក្រើកគួរឱ្យកត់សម្គាល់ ដោយវិនិយោគិនមកពីភ្នំពេញជាច្រើនហូរហែ បានស្វែងរកទិញដីក្នុងខេត្តកំពតជាពិសេសដីធ្លីដែលនៅជាប់មាត់សមុទ្រ សម្រាប់ការអភិវឌ្ឍជារីសត និងវិស័យគាំទ្រដល់ក្នុងវិស័យទេសចរណ៍។

លោកបន្តថា បើទោះបីជាស្ថានភាពកូវីដ១៩នៅកម្ពុជា មិនទាន់ធូរស្រាលក្ដី តែវិនិយោគិនមួយចំនួនបានមកកាន់ខេត្ត និងដើររកទិញដី ដែលមានទំហំធំៗរាប់ពាន់ម៉ែត្រការ៉េឡើងទៅ និងវិនិយោគិនខ្លះ ស្វែងរកដីដែលមានដីទំហំដល់ហិចតាក៏មានដែរ។ សម្រាប់តម្លៃដីធ្លីក្នុងខេត្តនេះ ក៏ឃើញថានៅមានកម្រិតនៅឡើយបើធៀបនឹងខេត្តផ្សេងទៀត។

លោកបន្ថែមថា កត្តាដែលជំរុញឱ្យវិនិយោគិនងាកមករកខេត្តកែបដើម្បីអភិវឌ្ឍន៍នោះ មានមូលហេតុមួយសំខាន់ជាតំបន់ដែលមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយជាតំបន់ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្យ៉ាងទៀត បច្ចុប្បន្ន រាជរដ្ឋាភិបាលក៏បាននិងកំពុងសាងសង់ផ្លូវជាតិតភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តកែប ដូច្នេះនៅពេលស្ថាបនាចប់ នោះភ្ញៀវទេសចររឹតតែងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ខេត្តកែប។ អ្វីដែលពិសេសនោះ ខេត្តកែប ក៏ជាខេត្តមួយភ្ជាប់ជាមួយនឹងខេត្តកំពត នៅពេលភ្ញៀវទេសចរមកខេត្តកែប ក៏អាចទៅលេងខេត្តកំពត និងធ្វើដំណើរត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

ចំណែកភ្នាក់ងារអចលនវត្ថុមួយរូបទៀតប្រចាំខេត្តនេះ ក៏បាននិយាយផងដែរថា ក្នុងខេត្តកែបអ្នកលក់ដីភាគច្រើនជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយមានដីទំនេរក៏លក់ទៅអ្នកផ្សេងឬវិនិយោគិន ដើម្បីទុកចំណេញឬទុកសម្រាប់វិនិយោគនៅពេលអនាគត ។ នៅពេលមានបញ្ហាកូវីដ១៩ ដែលទិញដីទុកកាលពីមុននោះ ក៏ត្រូវការដោះស្រាយបញ្ហាបន្ទាន់ ហើយត្រូវបង្ខំលក់ដីក្នុងតម្លៃទាបជាងទីផ្សារដើម្បីយកធនធានមកដោះស្រាយអាជីវកម្មឬជីវភាពដែលជួបប្រទះនឹងបញ្ហាកូវីដ១៩។

បើតាមអ្នកជំនាញអចលនទ្រព្យលោក សំ សុខនឿនបានលើកឡើងថា បើទោះបីជាកម្ពុជាជួបនឹងបញ្ហាកូវីដ១៩ក្ដី តែសម្រាប់ការទិញលក់អចលនទ្រព្យ បើធៀបនឹងប្រទេសជិតខាងឃើញថានៅតែមានសកម្មភាពជាហូរហែខុសពីប្រទេសជិតខាងខ្លះត្រូវជាប់គាំងឬស្ងាត់តែម្ដង។

យ៉ាងណាក្ដីលោកទទួលស្គាល់ថា បើធៀបនឹងមុនពេលកូវីដ១៩ ការវិនិយោគដីធ្លី និងអចលនទ្រព្យក្នុងឆ្នាំ ២០២០នេះ មានការធ្លាក់ចុះច្រើន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here