ចំណេះដឹង! តើ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​វិនិយោគ​នៅ​ផ្សារ​ហ៊ុន?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ នៅពេល​រកឃើញ​ក្រុមហ៊ុន​ចុះបញ្ជី​ល្អ តម្លៃ​សមរម្យ និង​ចង់​វិនិយោគ​ជាមួយ​ហើយ វិនិយោគិន​ដែល​ចង់​ជួញដូរ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​នោះ​នៅ​ផ្សារ​ហ៊ុន ត្រូវ​ចាប់ផ្តើម​ដោយ​ការបើក​គណនី​ជួញដូរ​ជាមុនសិន។ វិនិយោគិន​អាច​បើក​គណនី​ជួញដូរ​បានតែ​មួយ​ប៉ុណ្ណោះ នៅ​ក្រុមហ៊ុន​មូល​ប​ត្រ​មួយ។

ក្រុមហ៊ុន​មូល​ប​ត្រ ដែល​កំពុងដំណើរការ​បច្ចុប្បន្ន និង​ជា​សមាជិក​របស់​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា(ផ.ម.ក.) មាន​ចំនួន​ដប់ (បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​មូល​ប​ត្រ​មាននៅ​ក្នុង​គេហទំព័រ​របស់​ផ.ម.ក. (http://www.csx.com.kh)។ ដូច្នេះ វិនិយោគិន​អាច​បើក​គណនី​ជួញដូរ​អតិបរមា​ចំនួន​ដប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែ​វិនិយោគិន មិនគួរ​បើក​គណនី​ជួញដូរ​ច្រើន​ដូច្នោះ​ទេ។ វិនិយោគិន​គួរ​ជ្រើសរើស​ក្រុមហ៊ុន​មូល​ប​ត្រ​មួយ ពីរ​ឬ​បី​ទៅតាម​តម្រូវការ​ផ្ទាល់ខ្លួន ដោយ​ផ្អែកលើ​គុណភាព​សេវាកម្ម ចំនួន​សេវាកម្ម និង​កម្រៃ​សេវា​ជាដើម។

នៅពេល​ជ្រើសរើស​ក្រុមហ៊ុន​មូល​ប​ត្រ ដែលជា​ភ្នាក់ងារ​បម្រើសេវា​កម្ម​ក្នុង​វិស័យ​មូល​ប​ត្រ​រួចហើយ វិនិយោគិន​ត្រូវ​អញ្ជើញ ទៅ​ទីតាំង​ក្រុមហ៊ុន​មូល​ប​ត្រ​នោះ ដោយ​យកទៅ​ជាមួយ​នូវ៖ ១.កាត​អត្តសញ្ញាណប័ណ្ណ (ឬ​លិខិតឆ្លងដែន សម្រាប់​ជនបរទេស) ២.រូបថត ៤x៦ ពីរ​សន្លឹក និង​ចំពោះ​វិនិយោគិន​ជា​ក្រុមហ៊ុន ៣.ច្បាប់​ចម្លង​នៃ​ឯកសារផ្សេងៗដូចជា វិញ្ញាបនបត្រ​ចុះបញ្ជី​ក្រុមហ៊ុន និង​អាជ្ញា​បណ្ណ​ជាដើម។

ក្រៅពី​ឯកសារ​ទាំងនេះ វិនិយោគ​ត្រូវមាន​លេខ​អត្តសញ្ញាណ​វិនិយោគិន (investor ID) ដែល​ផ្តល់​ដោយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា(គ.ម.ក.)។ ក្រុមហ៊ុន​មូល​ប​ត្រ​ត្រៀម​ជាស្រេច ក្នុងការ​ជួយផ្តល់​សេវា​ជូន​អតិថិជន​របស់ខ្លួន ដើម្បី​ទទួលបាន​លេខ​អត្តសញ្ញាណ​វិនិយោគិន ដែលមាន​សុពលភាព​រយៈពេល១០ឆ្នាំនេះ ដោយ​វិនិយោគិន(ជា​រូបវ័ន្ត)ត្រូវ​បង់ប្រាក់ ២០.០០០ រៀល (សម្រាប់ គ.ម.ក.) ឬ​ច្រើនជាង​នេះ (សម្រាប់​ក្រុមហ៊ុន​មូល​ប​ត្រ)។

ការបើក​គណនី​ជួញដូរ​មូល​ប​ត្រ សំដៅ​ដល់​ការបើក​គណនី​មូល​ប​ត្រ ព្រមទាំង​គណនី​សាច់ប្រាក់ នៅ​នឹង​ក្រុមហ៊ុន​មូល​ប​ត្រ​ដែល​យើង​ជ្រើសរើស។ វិនិយោគិន​ត្រូវមាន​គណនី​មូល​ប​ត្រ ដោយសារ​បច្ចុប្បន្ន​មូល​ប​ត្រ​ភាគហ៊ុន ឬ​មូល​ប​ត្រ​ប្រភេទ​ដទៃទៀត លែងមាន​ទម្រង់​ជា​វិញ្ញាបនបត្រ​ទៀតហើយ។

មូល​ប​ត្រ​ទាំងនេះ ត្រូវបាន​បំប្លែង​ជា​តួលេខ​កត់ត្រា​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដូច​ការ​បំប្លែង​ក្រដាសប្រាក់​ទៅជា​តួលេខ​កត់ត្រា ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ធនាគារ​ដូច្នោះ​ដែរ។ ចំណែកឯ​គណនី​សាច់ប្រាក់​វិញ(នៅពេល​បើក​គណនី​ជួញដូរ​រួចហើយ) វិនិយោគិន​អាច​យក​សាច់ប្រាក់​ទៅ​បញ្ចូល​ក្នុង​គណនី​នោះ​តែម្តង ឬ​អាច​ផ្ទេរ​ពី​គណនី​សាច់ប្រាក់​ផ្ទាល់ខ្លួន ទៅកាន់​គណនី​សាច់ប្រាក់​សម្រាប់​ការជួញដូរ​មូល​ប​ត្រ​នេះ។

នៅពេល​គណនី​ជួញដូរ​មាន​សុពលភាព​ហើយ វិនិយោគិន​អាច​ទិញ/លក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​ផ.ម.ក.បាន តាមរយៈ​ក្រុមហ៊ុន​មូល​ប​ត្រ ដែល​ខ្លួន​បាន​បើក​គណនី​ជួញដូរ​នៅ​ទីនោះ។ វិនិយោគិន​អាច​បង្គាប់​ទៅ​ក្រុមហ៊ុន​មូល​ប​ត្រ​ដើម្បី​ទិញ ឬ​លក់​ភាគហ៊ុន​ណាមួយ តាមរយៈ​ការអញ្ជើញ ទៅ​ក្រុមហ៊ុន​មូល​ប​ត្រ​នោះ​ដោយផ្ទាល់ តាមរយៈ​ទូរ​សព្ទ សារ​អេឡិចត្រូនិក ឬ​មធ្យោបាយ​ផ្សេងទៀត ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​មូល​ប​ត្រ​នោះ។

បច្ចុប្បន្ន ផ.ម.ក. មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​ពីរ​គឺ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ក្រុមហ៊ុនកាត់ដេរ​ហ្គ្រេ​ន​ធ្វី​ន​អ៊ី​ន​ធឺ​ណា​ស្យូ​ណ​ល។ នៅ​ឆ្នាំ២០១៥នេះ នឹងមាន​ក្រុមហ៊ុន​ចុះបញ្ជី​បន្ថែម​មួយចំនួនទៀត សម្រាប់​វិនិយោគិន​ធ្វើការ​សម្រេចចិត្ត​ជ្រើសរើស៕

LEAVE A REPLY

Please enter your comment!
Please enter your name here