ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកApple សម្លឹងឃើញសក្តានុពល វិនិយោគនៅប្រទេសចំនួន២ក្នុងតំបន់អាស៊ាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផលិតកម្មបរទេសធំៗជាច្រើន កំពុងធ្វើពិពិធកម្មចេញពីប្រទេសចិន ដោយក្នុងនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយចំនួន រួមទាំងក្រុមហ៊ុន Apple បានងាកទៅបង្កើតមូលដ្ឋានផលិតកម្មថ្មី នៅប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន និងឥណ្ឌាជាដើម។

ជាក់ស្តែង មហាសេដ្ឋីអាមេរិកលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Apple  បានបង្ហាញគោលបំណងបង្កើន ការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីក្រុមហ៊ុនបានប្រកា​សគាំទ្រដល់អ្នកផ្គត់ផ្គង់ នៅក្នុងមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់អាស៊ានមួយនេះ ។

ប្រទេសវៀតណាមនឹងក្លាយជាទីតាំង ដ៏ស័ក្តិសមសម្រាប់ក្រុមហ៊ុន Apple ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ កំពុងធ្វើពិពិធកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនចេញពីប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន ក្រុមហ៊ុន Apple កំពុងសម្លឹងរកមើលទីតាំង សម្រាប់បង្កើតមូលដ្ឋានផលិតកម្មថ្មីរបស់ខ្លួន ជាពិសេសគឺប្រទេសវៀតណាម និងឥណ្ឌា បន្ទាប់ពីទីក្រុងប៉េកាំង ធ្លាប់បានបិទទ្វារព្រំដែនរបស់ខ្លួន អស់រយៈពេលជិត៣ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលការណ៍នេះបានរាំងស្ទះ ដល់ការនាំចេញរបស់ក្រុមហ៊ុន Apple។

ក្រុមហ៊ុន Apple បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងប្រទេសវៀតណាមកាលពីជាង១ទសវត្សរ៍មុន ដោយសារតែប្រទេសមួយនេះ ក៏ស្ថិតក្នុងចំណោមបណ្តាប្រទេស ផលិតហ្គេមទូរស័ព្ទឈានមុខគេទាំង៥ នៅលើពិភពលោក ខណៈការបណ្ដាក់ទុនវិនិយោគរបស់ក្រុមហ៊ុន Apple ក៏បានបង្កើតការងារ ដល់ប្រជាជនវៀតណាមជាង២០ម៉ឺននាក់ផងដែរ។

ទន្ទឹមគ្នានេះ ក្រោយពីជួបពិភាក្សា ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីថ្ងៃទី១៧ ខែមេសា លោក Tim Cook បានបញ្ជាក់ថា Apple ក៏កំពុងពិចារណាក្នុងការសាងសង់រោងចក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី លោក Agus Gumiwang Kartasasmita ដែលបានចូលរួមក្នុងកិច្ចប្រជុំផងដែរនោះ បានថ្លែងប្រាប់អ្នកសារពត៌មានថា ប្រសិនបើក្រុមហ៊ុន Apple សម្រេចចិត្តសាងសង់ រោងចក្រនៅប្រទេសឥណ្ឌូណេស៊ី ពិតប្រាកដមែន យើងនឹងមានសមត្ថភាពផលិតសម្រាប់ការនាំចេញ។

លោកបន្ថែមថា “ម្យ៉ាងវិញទៀត រដ្ឋាភិបាលក៏បានលើកឡើងផងដែរថា ទោះបីជាក្រុមហ៊ុន Apple សម្រចចិត្តមិនសាងសង់រោងចក្រយ៉ាងណាក្តី ប៉ុន្តែក្រុមហ៊ុនApple ក៏នៅតែអាចធ្វើជាដៃគូអាជីវកម្មជាមួយក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ីបានផងដែរ”៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here