តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះវិញ នៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីប្រាក់ ដុល្លារ ងើបឡើងថ្លៃ ខណៈ ដែលអត្រាអ្នកមានការងារធ្វើ នៅសហរដ្ឋ អាមេរិក បាន បន្ទាបទស្សនៈវិស័យនៃការបញ្ចុះអត្រា ការ ប្រាក់របស់ធនាគារ Fed។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៦ភាគរយដល់២៣២៣,៥១ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៨ភាគរយដល់២៣៤៧,៣ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៣នាទីព្រឹក។

នាយកដ្ឋានការងារអាមេរិកបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន ថា អត្រាអ្នកមានការងារធ្វើ ក្រៅពីវិស័យកសិកម្មបានកើនឡើងចំនួន៣០៣.០០០កន្លែងកាលពីខែមីនា ដែលការណ៍នេះបង្ហាញថា សេដ្ឋកិច្ចអាមេរិកនៅតែមានភាពធន់។

ក្រុមអ្នកយុទ្ធសាស្រ្តនៅធនាគារអូស្ត្រាលី ANZ បានលើកឡើងថា “ទិន្នន័យសេដ្ឋកិច្ចដ៏មានភាពធន់ គឺជាដាវមុខ២សម្រាប់ទីផ្សារ។ បើគិតពីផ្នែកវិជ្ជមាន កំណើនប្រកបដោយភាពធន់ គឺជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចស្ថិតនៅឆ្ងាយពីវិបត្តិ ប៉ុន្តែវាក៏អាចមានន័យថា ធនាគារ Fed នឹងរក្សាអត្រាការប្រាក់ឱ្យស្ថិតនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Daniel Ghali អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “តម្រូវការមាសកើនឡើង ស្របពេលដែលភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាកំពុងឡើងកំដៅ ក្រោយពីអុីស្រាអែលបានបើកការវាយប្រហារទៅលើស្ថានទូតអុីរ៉ង់នៅក្នុងប្រទេសស៊ីរី ខណៈអុីរ៉ង់ បានប្តេជ្ញា សងសឹកចំពោះ ការ វាយប្រហារនេះ”។

កំដៅនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការសម្រុកទិញមាសដោយបណ្តាធនាគារកណ្តាលនានា បានជំរុញឱ្យតម្លៃហាងឆេងមាសហក់ឡើងថ្លៃជាង២៥%ចាប់តាំងពីខែតុលា ឆ្នាំមុន បើទោះបីជាទស្សនៈវិស័យនៃអត្រាការប្រាក់បន្តស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្តី។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៤៩,១ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៤,៣៥ពិន្ទុ នៅថ្ងៃច័ន្ទនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤២ភាគរយដល់២៧,៥៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១៨ភាគរយដល់៩២៥,៥៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៧៧ភាគរយដល់៩៩៥,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៥នាទីព្រឹកថ្ងៃច័ន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here