តើការចរាចរប្រាក់រៀលក្នុងប្រព័ន្ឋមីក្រូហិរញ្ញវត្ថុមានសភាព បែបណា?

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បានឱ្យដឹងថាត្រឹម​ដំណាច់ឆ្នាំ ​២០២៣ ​ឥណទាន​ជា​ប្រាក់រៀល​ បាន​កើនឡើង​ដល់ ២៥ ភាគរយ នៃ​ផលប​ត្រ​ឥណទាន​សរុប ខណៈដែល​ប្រាក់​បញ្ញើ​ជា​ប្រាក់រៀល​បាន​កើន​ឡើងដល់១៦​ ភាគរយ នៃ​ប្រាក់​បញ្ញើ​សរុប​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សមាគមស្តីពី ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ បានជួយ​ជំរុញ​កំណើន​ប្រើប្រាស់​ប្រាក់រៀល ​ក្នុង​ឆ្នាំ​ ២០២៣ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ​២៥ ខែមីនា ឆ្នាំ​ ២០២៤​។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បានបញ្ជាក់​ទៀតថា តួលេខ​នេះ​កើន​លើស​កម្រិត​កំណត់ដោយ​បទ​ប្បញ្ញត្តិ ដែល​បង្ហាញ​ពី​ការកើនឡើង​នៃ​ទំនុកចិត្ត​លើ​រូបិយប័ណ្ណ​ជាតិ​។ កិច្ចប្រឹងប្រែង​ទាំងនេះ​មិន​ត្រឹមតែ​បាន​ជំរុញឱ្យមាន​ទំនុកចិត្ត​ដ៏​រឹងមាំ​លើ​ប្រាក់រៀល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​វិស័យនេះ​ចំពោះ​ការលើកកម្ពស់​ភាពលេច​ធ្លោ​របស់​ប្រាក់រៀល ​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ទៀតផង​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

CMAបានបញ្ជាក់ថា​ ​សមតុល្យ​ឥណទាន​ជា​ប្រាក់រៀល​បាន​កើន​ឡើងដល់​ចំនួន៥,៥៦​ ពាន់​ពាន់​លាន​រៀល​ ខណៈ​ប្រាក់​បញ្ញើ​ជា​លុយ​រៀល​នៅតាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​ទទួល​ប្រាក់​បញ្ញើ (MDI)​ទាំង​៤​បាន​កើន​ឡើងដល់១,៥២​ពាន់​ពាន់​លាន​រៀល​។ ទិន្នន័យ​នេះ បានបង្ហាញ​ពី​ការផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់​ នៃ​ទម្លាប់​សន្សំ​របស់​សាធារ​ណជន​ ឆ្ពោះទៅរក​ការ​សន្សំ​ជា​រូបិយប័ណ្ណ​ក្នុងស្រុក​។

លោកស្រីឌិ​ត នី​តា ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានលើកឡើង​ពី​សារៈសំខាន់​ ជា​យុទ្ធសាស្ត្រ​នៃ​គំនិត​ផ្តួចផ្តើម​ទាំងនេះ​។

លោកស្រី​បាន​បញ្ជាក់ថា​ ​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ ដែល​សមាជិក​របស់​យើង​បាន​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២៣ ត្រូវបាន​រៀបចំឡើង​ដើម្បី​លើកកម្ពស់​តួនាទី​របស់​ប្រាក់រៀល ​ក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​សហគមន៍ ​និង​រូបិយប័ណ្ណ​ជាតិ​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​។

លោកស្រីបញ្ជាក់ថា “កិច្ចខិតខំ​ប្រឹងប្រែង​នេះ ​មាន​សារៈសំខាន់​ណាស់ ក្នុងការ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី ​នៃ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោ​យ​បរិ​យាប​ន្ន​និង​មាន​ភាព​ធន់​”​។

ឥណទាន​មីក្រូហិរញ្ញវត្ថុ​បាន​ជះឥទ្ធិពល​ខ្លាំង ​លើ​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​វិស័យ​ផ្សេងៗ​ដូចជា គ្រួសារ ពាណិជ្ជកម្ម កសិកម្ម និង​ផ្នែក​ផ្សេងៗ​ទៀត​។ សកម្មភាព​ទាំងនេះ​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ ​ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដ៍​ទូលំទូលាយ​។

លោកស្រី​ប្រធាន​សមាគម បានបញ្ជាក់​បន្ថែមថា​ ​អន្តរាគមន៍​នៃ​ឥណទាន ​តាម​វិស័យ​គោលដៅ​ដ៏​ច្បាស់លាស់​នេះ មិន​ត្រឹមតែ​បាន​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​សង្កត់ធ្ងន់​លើ​តួនាទី​ដ៏​សំខាន់ ​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ ​ក្នុងការ​គាំទ្រ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ទៀតផង​។

នៅក្នុង​សិក្ខាសាលា​ស្តីពី​ឱកាស​ខួប​លើក​ទី​៤៤ នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​ ដើម្បី​ប្រាក់រៀល និង​ប្រព័ន្ធ​បាគង កាលពីពេល​ថ្មីៗ​នេះ នៅ​មជ្ឈមណ្ឌល​សិក្សា​បច្ចេក​ទេស​ធនាគារ រាជធានី​ភ្នំពេញ​ លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិនៃ​កម្ពុជាបាន​ថ្លែងថា ការប្រើប្រាស់​ប្រាក់រៀល​តាម​ប្រព័​ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង ក្នុង​អត្រា​មួយ​ខ្ពស់ដោយ​ក្នុង​ឆ្នាំ​ ២០២៣ ប្រតិបត្តិ​ការទូទាត់​ជា​ប្រាក់រៀល​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង៤៤ភាគរយ ធៀប​នឹង​ឆ្នាំ​២០២២​។

លោកស្រី​បាន​បន្ថែមថា ជា​លទ្ធផល ការប្រើប្រាស់​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង ក្នុង​អត្រា​មួយ​ខ្ពស់ ដោយ​ក្នុង​ឆ្នាំ​២០២៣ ប្រតិបត្តិ​ការទូទាត់​ជា​ប្រាក់រៀល ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង៤៤​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២២ និង​ខ្ពស់ជាង​កំណើ​ន​នៃប្រតិបត្តិ​ការទូទាត់ អេឡិចត្រូនិក​ជា​ប្រាក់​ដុល្លារ​អាមេរិក ដែល​កើន​ក្នុង​អត្រា៣,១​ ភាគរយ​។

លោកស្រី​បាន​បញ្ជាក់ថា​ ធនាគារជាតិនៃ​កម្ពុជា ​ក៏បាន​ជំរុញ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេសជិតខាង ​និង​ក្នុង​តំបន់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​គណនី​ជា​ប្រាក់រៀល​ អាច​ទូទាត់​តាម​ប្រព័ន្ធ​ឃ្យូ​អរ​កូដ (QR code) បាន​ងាយស្រួល​នៅក្នុង​ប្រទេស​ទាំងនោះ​។​ ក្នុងទិសដៅ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល ធនាគារជាតិ​នៃ​កម្ពុជា​បាន​ខិតខំ សម្រួលការ​ប្រើប្រាស់​ប្រាក់រៀល​ឱ្យមាន​ភាពងាយស្រួល​ជា​បន្តបន្ទាប់​​។

លោកស្រី​បន្តថា ក្នុងចំណោម​វិធានការ​នានា ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក ជាពិសេស​ប្រព័ន្ធ​បាគង បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​សម្រួល​ ដល់​ការទូទាត់​ប្រាក់រៀល ​ឱ្យ​កាន់​តែមាន​ភាពទាន់សម័យ ឆាប់រហ័ស និង​ចំណាយ​តិច​។

លោកស្រីជា សិរី បាន​សង្កត់ធ្ងន់ថា ការតភ្ជាប់​នេះ​ក៏បាន​អនុ​ញ្ញាតឱ្យ​ទេសចរ​បរទេស ​អាច​ទូទាត់​តាមរយៈ​ឃ្យូ​អរ​កូដ (QR code) នៅតាម​ហាង​ទំនិញ​នានា​នៅ​កម្ពុជា ដែល​ហាង​ទាំងនោះ​នឹង​ទទួលបាន​ការទូទាត់​នេះ​ជា​ប្រាក់រៀល​។

បច្ចុប្បន្ន កម្ពុជា​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​ថៃ វៀតណាម និង​ឡាវ ព្រមទាំង​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​អន្តរជាតិ​មួយចំនួន ជាមួយនឹង​ផែន​ការតភ្ជាប់ ​ជាមួយ​ប្រទេស​ផ្សេងទៀត ​ក្នុង​តំបន់ ដូចជា ចិន និង​ឥណ្ឌា​ជាដើម​។

របាយការណ៍CMAបានឲ្យដឹងទៀតថា ប្រតិបត្តិ​ការទូទាត់​ជា​ប្រាក់រៀល​តាមរយៈ​ប្រព័ន្ធ​ទូទាត់​បាគង បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ពោលគឺ​កើនឡើង៣,៤​ដង ខ្ពស់ជាង​ខ្លាំង​ធៀប​នឹង​កំណើន​ប្រតិបត្តិ​ការទូទាត់​ជា​ប្រាក់​ដុល្លារ ដែល​បញ្ជាក់​ពី​ភាពជោគជ័យ​នៃ​រូបិយប័ណ្ណ​ជាតិ​។

កំណើន​នេះ បង្ហាញ​ពី​ដំណើរ​ទៅមុខ​រួមគ្នា​ឆ្ពោះទៅរក​ការពង្រឹង​តួនាទី​របស់​ប្រាក់រៀល​ ក្នុងនាម​ជា​មធ្យោបាយ​ នៃ​ការដោះដូរ​ទំនិញ ដែល​ជួយ​កាត់បន្ថយ​គម្លាត ​រវាង​ពាណិជ្ជកម្ម​ឌីជីថល ​និង​ពាណិជ្ជកម្ម​បែប​ប្រពៃណី ហើយ​នេះ​ក៏​ជាការ​បង្ហាញ​ឱ្យ​ច្បាស់ ​អំពី​ដំណើរ​របស់​កម្ពុជា​ឆ្ពោះទៅរក​ភាព​ស្វ័យ​ម្ចាស់ការ និង​និរន្តរភាព​ផ្នែក​សេដ្ឋកិច្ច​។

វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​បាន​ក្លាយជា​កម្លាំងចលក​រ​ដ៏​សំខាន់​នៅក្នុង​សេដ្ឋកិច្ចជាតិ ដោយបាន​ជួយ​ជំរុញឱ្យមាន​កំណើន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ​នូវ​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​ឆ្នាំ ​២០២៣​។ ក្រោម​កិច្ចប្រឹងប្រែង​ដែល​ដឹកនាំ ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា សមាជិក​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ខិតខំ​ឈ្មុសឈ្មុល​ធ្វើដំណើរ​ឆ្ពោះទៅរក​ការបង្កើន​ ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក ដោយ​ពង្រឹង​តួនាទី ​និង​ភាព​ធន់​របស់​ប្រាក់រៀល ​ក្នុង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here