វិស័យអចលនទ្រព្យក្នុងខេត្តកំពត នៅតែទទួលបានសញ្ញាវិជ្ជមាននៅចុងឆ្នាំ២០២០នេះ

ដោយ៖ លក្ខិណា
ភ្នំពេញ៖ អចលនទ្រព្យក្នុងខេត្តកំពត ក្នុងឆ្នាំ ២០២០នេះ នៅតែមានសញ្ញាទិញលក់ជាធម្មតា ទាំងតម្លៃ និងសកម្មភាព បើទោះបីជាកម្ពុជាជួបប្រទះនឹងបញ្ហាកូវីដ១៩ក្ដី។ នេះបើតាមអ្នកជំនាញ និងជាភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពត បានប្រាប់គេហទំព័រ Cambodiafinancialtimes.com នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា ២០២០នេះ។
លោកសុខ គែន នាយកប្រតិបត្តិនៃក្រុមហ៊ុន អចលនទ្រព្យ Kampot Street Real Estate បានឱ្យដឹងថា រហូតមកដល់ចុងឆ្នាំ ២០២០នេះ វិស័យទិញលក់អលចនទ្រព្យនៅក្នុងខេត្តកំពត ជាពិសេសដីធ្លី នៅតែមានសកម្មភាព និងមានកំណើនល្អប្រសើរ បើទោះបីជាថ្មីៗនេះ កម្ពុជាបានជ្រួលច្របល់នឹងព្រឹត្តិការណ៍៣វិច្ឆិកា ក្ដី។
លោក បានថ្លែងថា “ពេលនេះខ្ញុំនៅតែមានភាពមមាញឹក ក្នុងការជូនភ្ញៀវដើរមើលដីធ្លី និងទិញដីធ្លីសម្រាប់ទុកចំណេញផង និងទុកសម្រាប់អភិវឌ្ឍន៍នៅពេលខាងមុខផង។ ដូច្នេះវាអាចបញ្ជាក់ពីស្ថានភាពអចលនទ្រព្យនៅក្នុងខេត្តនេះបើទោះបីជាស្ថានភាពកូវីដ១៩ នៅមិនទាន់ផុតរលត់ក្ដី”។
លោកបន្តថា អ្នកទិញដីធ្លីនៅក្នុងខេត្តកំពតភាគច្រើនមកពីរាជធានីភ្នំពេញ ហើយជាភ្ញៀវក្នុងស្រុក។ ចំណែកភ្ញៀវបរទេសមួយរយៈនេះ ឃើញថា មានភាពស្ងប់ស្ងាត់ ដោយបង្វែរទៅជាភ្ញៀវក្នុងស្រុក។ ភ្ញៀវខ្លះទិញហើយ ទុកមួយរយៈក៏លក់ចេញវិញក្នុង ក្នុងតម្លៃខ្ពស់ជាងកាលពេលទិញដំបូង។ ភ្ញៀវខ្លះទៀត ក៏ទុកសម្រាប់អភិវឌ្ឍន៍ទៅតាមផែនការរបស់ខ្លួន។
លោក បានបន្ថែមថា ក្នុងខេត្តកំពតនាពេលនេះ មានគម្រោងធំៗមួយចំនួនបានចូលមកអភិវឌ្ឍន៍ ធ្វើឱ្យមានការទាក់ទាញដល់វិនិយោគិនដទៃទៀតចូលមកវិនិយោគដែរ។ គម្រោងលេចធ្លោរក្នុងឆ្នាំនេះ សម្រាប់ខេត្តកំពត ឃើញថាមានគម្រោងអគារជាង៤០ជាន់របស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង គម្រោង Forest Hamony ជាលំនៅលំហែកាយ និងគម្រោងសំណង់បុរីលំនៅឋានមួយចំនួនទៀតក៏ចាប់ផ្ដើមចូលមកក្នុងខេត្តកំពតបណ្ដើរៗផងដែរ។
លោកបញ្ជាក់ថា សម្រាប់នៅពេលអនាគត ក្នុងខេត្តកំពតនឹងមានសក្ដានុពលលើអចលនទ្រព្យសម្រាប់បម្រើក្នុងវិស័យទេសចរណ៍ ជាក់ស្ដែង បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ក្ដី តែក្នុងខេត្តកំពតនៅតែទទួលបានភ្ញៀវទេសចរមកសម្រាកលំហែជាបន្តបន្ទាប់ ព្រោះកំពតមានរមណីយដ្ឋានធម្មជាតិជាច្រើន រួមមាន ទឹកជ្រោះ ដងព្រែក ព្រៃភ្នំជាដើម។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងកន្លងមកថា កំពតជាខេត្តមួយមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយក៏មានការសាងសង់ផ្លូវស្អាតនិងស្រួលធ្វើដំណើរ ដែលជំរុញឱ្យភ្ញៀវទេសចរចង់ទៅលេងនិងកម្សាននៅទីនោះ។
លោក បានបន្តទៀតថា ការអភិវឌ្ឍជាផ្ទះលំហែកាយ ឬក៏ អភិវឌ្ឍន៍អចលនទ្រព្យផ្សេងទៀតបម្រើក្នុងវិស័យទេសចរណ៍នឹងក្លាយជាសក្ដានុពលខ្ពស់សម្រាប់ខេត្តជាប់មាត់សមុទ្រមួយនេះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here