ធនាគារមួយចំនួននៅតំបន់អាស៊ី និងអឺរ៉ុប កំពុងជួបការខាតបង់ ក្រោយផ្តល់កម្ចីដល់ទីផ្សារអចលនទ្រព្យអាមេរិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការដាំក្បាលចុះនៃទីផ្សារ អចលនទ្រព្យបែបពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក ដែលបានជះឥទ្ធិពលអវិជ្ជមាន ទៅលើធនាគារនៅទីក្រុងញូវយ៉ក ប្រទេសជប៉ុន និងអឺរ៉ុបរួចហើយនោះ កំពុងចាប់ផ្តើមរាលដាល ដល់ប្រទេសកូរ៉េខាងត្បូងមួយទៀត។

យោងតាមទិន្នន័យបានបង្ហាញថា ចំនួនប្រាក់កម្ចីសរុប ដែលត្រូវបានផ្តល់ ដោយក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េធំៗចំនួន៥ សម្រាប់វិស័យអចលនទ្រព្យ ពាណិជ្ជកម្មនៅក្រៅប្រទេស  បានកើនឡើងដល់២០,៣៩ទ្រីលានវ៉ុន គិតរហូតមកទល់ពេលនេះ។

ក្រុមហ៊ុនហិរញ្ញវត្ថុកំពូលទាំង៥នោះ រួមមាន ក្រុមហ៊ុន Hana Financial Group ដែលបានផ្តល់ឥណទានធំជាងគេបំផុតចំនួន៦,២៥ទ្រីលានវ៉ុន តាមពីក្រោយដោយក្រុមហ៊ុន KB Financial Group ដែលបានផ្តល់ឥណទានចំនួន៥,៦៥ទ្រីលានវ៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់មកគឺ ក្រុមហ៊ុន Shinhan Financial Group ដែលបានផ្តល់ឥណទានចំនួន៤ទ្រីលានវ៉ុន ក្រុមហ៊ុនហិរញ្ញវត្ថុ NongHyup បានផ្តល់ឥណទានចំនួន២,៣៥ទ្រីលានវ៉ុន និងក្រុមហ៊ុន Woori Financial Group បានផ្តល់ឥណទានចំនួន២,១៤ទ្រីលានវ៉ុន។

ក្នុងចំណោមទឹកប្រាក់កម្ចី ចំនួន២០,៣៩ទ្រីលានវ៉ុន ដែលវិនិយោគ ដោយក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េខាងត្បូងទាំង៥ខាងលើ ក្នុងនោះ ចំណែក៥៦ភាគរយ ឬប្រហែល១១,៤ទ្រីលានវ៉ុន  ត្រូវបានបញ្ចេញទៅកាន់តំបន់អាមេរិកខាងជើង។

វិស័យអចលនទ្រព្យពាណិជ្ជកម្ម បានដាំក្បាលចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយសារអត្រាការប្រាក់ បានកើនឡើងយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

វិបត្តិនេះបានបណ្តាលឱ្យតម្លៃ អចលនទ្រព្យធ្លាក់ចុះអស់១១ភាគរយ នៅក្នុងសហរដ្ឋអាមេរិក ដែលជាទីផ្សារអចលនទ្រព្យពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក គិតចាប់តាំងពីខែមីនា ឆ្នាំ២០២២មកម្ល៉េះ។

ទន្ទឹមនឹងនេះ ក្តីបារម្ភបានកើនឡើង ស្របពេលដែលការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ បានចាប់ផ្តើមជះផលប៉ះពាល់ មិនត្រឹមតែចំពោះធនាគារ នៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះផលមិនល្អ ដល់ធនាគារនៅជុំវិញពិភពលោកផងដែរ។

តួយ៉ាង ក្រុមហ៊ុនហិរញ្ញវត្ថុកំពូលទាំង៥ ខាងលើរបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ឱ្យដឹងរួចមកហើយ ពីការខាតបង់សរុបរបស់ពួកគេប្រមាណ១ទ្រីលានវ៉ុន(ប្រហែល៧៥០ពាន់លានដុល្លារ) ដោយសារតែវិបត្តិអចលនទ្រព្យពាណិជ្ជកម្មអាមេរិក។

ចំណែក ធនាគារអាល្លឺម៉ង់ Deutsche Bank និងធនាគារ Aozora របស់ប្រទេសជប៉ុន ក៏បានរាយការណ៍ពីការខាតបង់យ៉ាងច្រើន ដោយសារការផ្តល់ប្រាក់កម្ចី ទៅឱ្យទីផ្សារអចលនទ្រព្យសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះផងដែរ ដោយបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ធនាគារទាំង២ ដាំក្បាលចុះក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here