ឥណទានក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បង្ហាញសញ្ញាងើបឡើងវិញនៅត្រីមាសទី៣ ឆ្នាំនេះ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ បន្ទាប់ពីមានការធ្លាក់ចុះនូវឥណទាននៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុអស់រយៈពេលជាច្រើនខែ ដោយសារតែវិបត្តិកូវីដ១៩ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ តាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា ( CBC ) បានបង្ហាញថាមានសញ្ញាវិជ្ជមានឡើងវិញ។

យោងតាមរបាយការណ៍របស់CBC បានបង្ហាញឱ្យដឹងថា ឥណទានក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បានកើនឡើងដល់ទៅ៥៣ភាគរយបើធៀបនឹងត្រីមាសទី២ឆ្នាំដដែល។ CBC បានកត់សម្គាល់ថាក្នុងត្រីមាសទី៣ ឆ្នាំ ២០២០ កម្មវិធីហិរញ្ញវត្ថុផ្ទាល់ខ្លួនបានកើនឡើង ៥៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការកើនឡើងនៃការស្នើសុំឥណទានក្នុងត្រីមាសនេះគឺផ្ទុយពីការធ្លាក់ចុះនៃការស្នើ សុំឥណទាន នៅក្នុងត្រីមាសទី ២នៃឆ្នាំ២០២០បើប្រៀបធៀបជាមួយតួលេខត្រីមាសទីមួយ។ ពាក្យសុំប័ណ្ណឥណទាន បានកើនឡើង ៨៣ភាគរយហើយពាក្យសុំប្រាក់កម្ចីមាន ទ្រព្យបញ្ចាំកើនឡើង៥០ភាគរយ។

លោកអឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃ CBC បានមានប្រសាសន៍ថា និន្នាការ ប៉ុន្មានឆ្នាំចុង ក្រោយនេះបង្ហាញថា នេះគឺជាការបង្ហាញនូវលំនាំវដ្តនៃការកើនឡើង នៃពាក្យសុំឥណទាន អតិថិជន នៅត្រីមាសទី ៣បន្ទាប់ពីការធ្លាក់ចុះនៅក្នុងត្រីមាសទី ២ ។

លោក បានបន្តថា លំនាំដដែលនេះពង្រីក ដល់ការដាក់ពាក្យ សុំ កាត ឥណទានផងដែរ។ លើសពីនេះទៀតការធ្លាក់ចុះនៃសេដ្ឋកិច្ចបានរួម ចំណែកដល់ការធ្លាក់ចុះនៃកម្មវិធីឥណទានអតិថិជននៅដើមឆ្នាំនេះ។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគម ធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីអតិថិជនបានរងផលប៉ះពាល់ដោយសារតែកូវីដ១៩ ធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យធនាគារទាំងអស់រៀបចំឥណទានឡើងវិញសម្រាប់អតិថិជន ហើយគិតមកដល់ចុងខែត្រីមាសទី៣ ឆ្នាំ២០២០នេះ ធនាគារបានរៀបចំឥណទានឡើងវិញ ចំពោះអតិថិជនជាង២៨ម៉ឺនឥណទាន គិតជាទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារអាមេរិក។

លោកគា បូរាណប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានឱ្យដឹងថា ចាប់ពីដើមត្រីមាសទី៣នៃឆ្នាំ ២០២០នេះ កំណើននៃវិស័យមីក្រូហិរញ្ញវត្ថុចាប់ផ្ដើមមានសន្ទុះឡើងវិញ ក្រោយពេលជួបគ្រោះធ្ងន់ធ្ងរពីខែ កុម្ភៈឆ្នាំ២០២០មក ។

យោងតាមការិយាល័យឥណទានកម្ពុជាបានឱ្យដឹងថា សមតុល្យប្រាក់កម្ចីអតិថិជនតាមប្រភេទគិតត្រឹមខែកញ្ញាឆ្នាំ ២០២០ មានចំនួន ៩,១១ពាន់លានដុល្លារ ។សមតុល្យប្រាក់កម្ចីតាមប្រភេទត្រូវបានបែងចែក ៥១,៥១ជាកម្ចីមានទ្រព្យបញ្ចាំ ៤៧,៩០ភាគរយជាកម្ចី ផ្ទាល់ខ្លួននិង ០,៥៨ភាគរយស្ថិតនៅក្នុងប័ណ្ណឥណទាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here