អ្នកជំនាញ៖ ឆ្នាំ២០២០ ជាឆ្នាំអាក្រក់បំផុតសម្រាប់វិស័យអចលនទ្រព្យ

ដោយ៖ លក្ខិណា
ភ្នំពេញ៖ សកលលោកទាំងមូល បានជួបវិបត្តិធ្ងន់ធ្ងរនៅឆ្នាំ២០២០នេះ ដោយសារតែជំងឺកូវីដ១៩ ធ្វើឱ្យវិស័យទ្រទ្រង់កំណើនសេដ្ឋកិច្ចធំៗរបស់កម្ពុជាជួបវិបត្តិ ក្នុងនោះវិស័យអចលនទ្រព្យ ដែលជាសរសរស្ដម្ភសំខាន់មួយ រងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយអ្នកជំនាញបាននិយាយថា ឆ្នាំ២០២០ជាឆ្នាំ អាក្រក់បំផុតសម្រាប់វិស័យអចលនទ្រព្យកម្ពុជា។
លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា តាំងពីដើមឆ្នាំ២០២០មក វិស័យអចលនទ្រព្យកម្ពុជាបានរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យការទិញលក់ និងសកម្មភាពវិនិយោគក្នុងវិស័យនេះ បានថមថយកំណើនខ្លាំង។
លោក បានបន្តថា រហូតដល់អំឡុងខែសីហា កញ្ញា និងតុលា ឃើញថា វិស័យអចលនទ្រព្យកម្ពុជា ហាក់ទទួលបានសញ្ញាវិជ្ជមានឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩នៅកម្ពុជា បានធូរស្រាល។ ប៉ុន្តែនៅដើមខែវិច្ឆិកា ឆ្នាំ២០២០នេះ វិស័យនេះ បានរងភាពរង្គោះរង្គើឡើងវិញ បន្ទាប់ពីមានការឆ្លងកូវីដ១៩ជា ថ្មីទៅលើពលរដ្ឋកម្ពុជា ដែលនឹងធ្វើឱ្យវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាជួបបញ្ហាជាម្ដងទៀត។
លោក សុខនឿន បានមានប្រសាសន៍បន្តថា ដោយសារតែចុងឆ្នាំ ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅតែចោទជាបញ្ហា ដូច្នេះនៅដើមឆ្នាំ ២០២១ខាងមុខ វិស័យនេះ នៅតែបន្តរងផលប៉ះពាល់ និងមិនទាន់ងើបឡើងវិញបាននោះទេ ។
លោក បានថ្លែងទៀតថា “វិស័យអចនទ្រព្យត្រូវពឹងលើប្រភពពីរសំខាន់ គឺប្រភពខាងក្នុង និងប្រភពខាងក្រៅ ហើយបើទោះបីជាប្រភពខាងក្នុងរឹងមាំ តែខាងក្រៅនៅតែមិនអាចចូលមកវិនិយោគបាន នោះក៏វាមិនអាចធ្វើឱ្យវិស័យនេះស្ទុះងើបបានលឿនដែរ ដោយសារតែប្រភពខាងក្រៅមានលំហូរវិនិយោគច្រើនជាង”។
លោក បានបន្ថែមថា ការទិញលក់អចលនទ្រព្យក្នុងឆ្នាំ ២០២០នេះ មានការធ្លាក់ចុះខ្លាំង ក៏ប៉ុន្តែបើធៀបនឹងប្រទេសជិតខាង កម្ពុជាក៏នៅតែមានសកម្មភាពជាហូរហែ ព្រោះថារដ្ឋាភិបាលអាចគ្រប់គ្រងបាននូវស្ថានភាព ក្នុងនោះមិនទាន់មានអ្នកណាម្នាក់ស្លាប់ ដោយសារតែកូវីដ១៩នោះទេ។
ជាការកត់សម្គាល់ ក្នុងវិស័យអចលនទ្រព្យ គេឃើញថា សកម្មភាពសាងសង់លំនៅឋាននៅតាមបុរី នៅតែដំណើរការជាធម្មតា តែសម្រាប់គម្រោងខុនដូធំវិញ មិនទាន់ឃើញមានគម្រោងថ្មីៗណាមួយលេចធ្លោនៅក្នុងឆ្នាំ២០២០នេះទេ ខណៈគម្រោងចាស់ៗមួយចំនួនធំបន្តសកម្មភាពសាងសង់ និងមួយចំនួនប៉ុណ្ណោះ បានផ្អាកការសាងសង់មួយរយៈ។
តាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវនៃធនាគារពិភពលោកប្រចាំកម្ពុជា បានឱ្យដឹងថា វិស័យកំណើននៃវិស័យសំណង់មានការមានការថយចុះបើធៀបនឹងឆ្នាំ ២០១៩ កន្លងទៅ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា មានធ្លាក់ចុះជាអវិជ្ជមាន។ ការធ្លាក់ចុះនៃវិស័យនេះ ក៏បានធ្វើឱ្យការនាំចូលសម្ភារសម្រាប់ផ្គត់ផ្គង់ក្នុងការសាងសង់ក៏មានការថយចុះដូចគ្នាដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here