ឥណទានលក្ខណៈបុគ្គល មានទំហំទឹកប្រាក់ ៩,១១ពាន់លានដុល្លារនៅត្រីមាសទី៣

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance) , ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានកើនឡើងជារួម ៥៣% នៅត្រឹមត្រីមាសទី៣នៃឆ្នាំ២០២០នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ចេញផ្សាយកាលថ្មីៗនេះ។

ទំហំនៃការកើនឡើងខ្លាំងជាងគេគឺការស្នើសុំបើកប័ណ្ណឥណទានដែលកើនឡើងដល់ទៅ +៨៧%,ជាមួយនឹងការកើនឡើងខ្ពស់បំផុត +១៦៥% នៅក្នុងតំបន់ឆ្នេរ។ ការស្នើសុំកម្ចីផ្ទាល់ខ្លួន និង កម្ចីអចលនទ្រព្យមានការកើនឡើងទៅដល់+៥២% និង+៥០% ។

ការផ្លាស់ប្តូរភាគរយនៃប្រាក់កម្ចីដែលបានស្វែងរកតាមរយៈការស្នើសុំឥណទានក៏បានកើនឡើង+៥៧%, ដែលជាចំនួនមួយខ្ពស់ជាងការកើនឡើងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (ឆ្នាំ ២០១៩ ត្រីមាសទី ៣: ១១%)។ នេះដោយសារតែការកើនឡើងនៃចំនួនពាក្យស្នើសុំគ្រប់ប្រភេទ៖ ប័ណ្ណឥណទាន (+១២៣%) ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (+៦១%) និង
កម្ចីអចលនទ្រព្យ (+៣៩%) បើប្រៀបធៀបនឹងត្រីមាសមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណើរការឥណទានលក្ខណៈបុគ្គល បង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលនៅបំណាច់ត្រីមាសឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការកើនឡើងតិចតួច+០,២៨%ពីត្រីមាសមុនដែលធ្វើឱ្យចំនួនគណនីនៅទូទាំងប្រទេសកើនឡើងនៅត្រឹម ១,២៧ លានដុល្លារ។

ក្នុងចំណោមចំនួននេះ៨១,១២% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនខណៈដែលចំណែកតូចជាងនេះគឺ កម្ចីអចលនទ្រព្យ (១០,៥៨%) និង កម្ចីប័ណ្ណឥណទាន (៨,៣០%)។

ការកើនឡើងនេះត្រូវបានគេមើលឃើញនៅក្នុងតំបន់ចំនួន ៣ នៃព្រះរាជាណាចក្រកម្ពុជា +៣,២%នៅតំបន់ខ្ពង់រាប +០,៧%នៅ តំបន់បឹងទន្លេសាប និង +០,៣% នៅតំបន់ឆ្នេរ បានធ្លាក់ចុះនៃចំនួនគណនីឥណទាន-០,៩%។

ចំណែកឯសមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត+៤,៣៥% គិតត្រឹមពីខែ កញ្ញាឆ្នាំ ២០២០។ នៅចុងត្រីមាសនេះសមតុល្យឥណទានលក្ខណៈបុគ្គលចំនួន ៩,១១ ពាន់លានដុល្លារ។

កម្ចីអចលនទ្រព្យមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៥១,៥១% ចំណែកឯ សមតុល្យឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំណែក ៤៧,៩០%។ បើទោះបីជា ចំនួនគណនីនៃកម្ចីអចលនទ្រព្យមានចំនួនត្រឹម ១០,៥៨% នៃចំនួនគណនីសរុប, ក៏ប៉ុន្តែចំនួននេះមានទំហំច្រើនជាងពាក់កណ្តាលនៃសមតុល្យឥណទានសរុប។សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៥៨% ប៉ុណ្ណោះ។

និយាយជារួម កំណើនវិជ្ជមាន មាននៅតំបន់ទំនាប +៥,១% តំបន់ឆ្នេរ +៣,៤% តំបន់ខ្ពង់រាប +២,៥%និង តំបន់ទន្លេសាប +១,៥%. ។

គុណភាពឥណទានលក្ខណៈបុគ្គលបានមកពីអនុបាទនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធិភាពនៃការបង់សង និង ហានិភ័យនៃការខកខាននៅក្នុងត្រីមាស។

អនុបាទ 30+DPD មានការធ្លាក់ចុះមកត្រឹម ២,៤២% ក្នុងត្រីមាសនេះ ពី២,៦៤%ក្នុងត្រីមាសទី២។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាទ ៣០+DPD ខ្ពស់បំផុតគឺ ប័ណ្ណឥណទាន ជាមួយនឹងការកើនឡើងដល់ ៥,២១%។

ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការធ្លាក់ចុះជារួម -៥% នៅទូទាំងតំបន់។ កំណើនដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានមិនដំណើរការលើសពី៣០ថ្ងៃគឺនៅតំបន់ទន្លេសាបនិងតំបន់ខ្ពង់រាបដែលមានការធ្លាក់ចុះ -៧%។

បន្ថែមពីនេះ តំបន់ឆ្នេរ និងតំបន់ទំនាបមានការធ្លាក់ចុះ -៦%និង-៤%។
ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ៧៣,៩៩%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជនដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៦,០១%។

អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៧៣,៩៩% អ្នកមានគណនីឥណទានចំនួន២ មាន ២០,៩២% ហើយអ្នកមានគណនីឥណទានចំនួន៣មាន៤,៤៥% ហើយអ្នកមានគណនីឥណទានចំនួន៣ឬច្រើនមាន ០,៦៤% នៃចំនួនអតិថិជនទាំងអស់។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីមានប្រសាសន៍ថា នៅក្នុងត្រីមាសនេះ ទីផ្សារឥណទានមានភាពវិជ្ជមាន បន្ទាប់ពីមានការថយចុះការពីត្រីមាសមុន។

លោកបានបន្ថែមថា “ការកើនឡើងបណ្តាលមកពីកំណើននៃ ពាក្យស្នើសុំឥណទាន និងដំណើរការឥណទាននៅក្នុងទីផ្សារជាលក្ខណៈបុគ្គល ,ទោះបីជាមានការកើនឡើងនៃអនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ប៉ុន្តែវានៅតែទាបត្រឹម ២,៤២%នៃគ្រប់តំបន់ទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here