ដោយ៖ វុទ្ធី
ភ្នំពេញ៖ ការនាំចេញសរុបរបស់កម្ពុជាទៅក្រៅប្រទេសនៅតែមានសញ្ញាវិជ្ជ មានបើទោះបីជាមានសម្ពាធពីជំងឺរាតត្បាតកូវីដ១៩។
ការនាំចេញរបស់កម្ពុជាក្នុងរយៈពេល៨ខែកន្លងទៅនេះ សម្រេចបានទឹកប្រាក់រហូតដល់ចំនួន ១១,៧១៤ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍នៃការនាំចេញ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញកាលពីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍និន្នាការសេដ្ឋកិច្ច និងសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ ទំហំទឹកប្រាក់នៃការនាំចេញទំនិញរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាន ទោះបីជាសេដ្ឋកិច្ចសកល រំពឹងថានឹងមានកំណើនអវិជ្ជមាន និងបណ្តាលប្រទេសដៃគូពាណិជ្ជកម្ម កំពុងជួបប្រទះបញ្ហានៃការរីករាលនៃជំងឺកូវីដ១៩ក្តី។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា “កំណើននៃការនាំចេញបានពីការនាំចេញ កង់ កសិផល សម្ភារៈអគ្គីសនី កាបូប និង ស្បែកជើង។ ចំណៃកឯកសិផល យើងឃើញថាការនាំចេញទៅចិន អាមេរិក អឺរ៉ុប គឺមានកំណើនខ្លាំងក្នុងជំនាន់កូវីដនេះ”។
លោកឧកញ៉ា បានបន្តថា “ក្នុងសម័យកាលកូវីដនេះ ផលិតផលខ្លះ ទទួលបានឱកាសច្រើនក្នុងទីផ្សារ តែផលិតផលខ្លះក៏មិនទទួលបានតម្រូវការលើទីផ្សារដែរ ហើយអ្វីដែលសំខាន់នោះគឺទៅថ្ងៃអនាគត ទោះបីជាប្រទេសមានវិបត្តិយ៉ាងណាក៏ដោយ ផលិតផលកសិកម្ម ក៏នៅតែមានតម្រូវការ ពីព្រោះមនុស្សអាចផ្អាកការប្រើប្រាស់បាន តែមិនអាចអត់ហូបចុកបាននោះទេ”។
លោកឧកញ៉ា “ដូច្នេះកំណើននៃការនាំចេញ ជាសញ្ញល្អមួយសម្រាប់ប្រទេសយើង ដោយសារតែយើងកំពិងជួបវិបត្តិហើយ ការនាំចេញនូវតែមានការកើនឡើង”។
ទោះបីជាយ៉ាងក៏ដោយ ការនាំចេញទៅកាន់ប្រទេសជប៉ុនដែលភាគច្រើនជា វិស័យវាយនភ័ណ្ឌកាត់ដេរ មានការធ្លាក់ចុះនៅក្នុងកំឡុងពេលកូវីដនេះ។
លោកឧកញ៉ា សង្ឃឹមថា គោលដៅនាំចេញអង្ករ ១លានតោន របស់រាជរដ្ឋាភិបាលនឹងសម្រេចក្នុងពេលឆាប់ៗនេះ៕