រដ្ឋាភិបាលសិង្ហបុរីប្រកាសចាត់វិធានការថ្មី ខណៈតម្រូវការជួលលំនៅដ្ឋានកំពុងហក់ឡើងខ្ពស់

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសសិង្ហបុរីគ្រោង នឹងអនុញ្ញាតឱ្យអ្នកជួលកាន់តែច្រើន កាន់កាប់អចលនទ្រព្យតែមួយប៉ុណ្ណោះ ក្រោមវិធានការបណ្តោះអាសន្នរយៈពេលពីរឆ្នាំ ដើម្បីបំពេញតម្រូវការជួល ដែលកំពុងហក់ឡើងកាន់តែខ្ពស់នៅក្នុងទីក្រុង។

ក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍ (HDB) និងអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង  (URA) បានប្រកាសឱ្យដឹងកាលពីពេលថ្មីៗនេះថា ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ មនុស្សចំនួន៨នាក់ ដែលពុំមែនមកពីគ្រួសារតែមួយ នឹងត្រូវបានអនុញ្ញាតឱ្យរស់នៅក្នុងផ្ទះល្វែងសាធារណៈ និងផ្ទះឯកជនធំៗតែមួយប៉ុណ្ណោះ បើធៀបនឹងកម្រិតកំណត់បច្ចុប្បន្នចំនួន៦នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីភ្នាក់ងារខាងលើបានអះអាងថា “ការកើនឡើងយ៉ាងខ្លាំងនៃការជួលលំនៅដ្ឋាន ចាប់ពីឆ្នាំ២០២២ បានឆ្លុះបញ្ចាំងពីភាពតឹងតែងជាពិសេសនៅក្នុងទីផ្សារ ដោយសារតែការរំខាននៃជំងឺកូវីដ-១៩ រួមជាមួយនឹងតម្រូវការជួលដ៏រឹងមាំ”។

កាលពីពេលកន្លងទៅ រដ្ឋាភិបាល​សិង្ហបុរី បាន​ប្តេជ្ញា​បង្កើន​ការ​ផ្គត់ផ្គង់​លំនៅដ្ឋាន​ ដែលក្នុងនោះ ផ្ទះ​ជិត១០០.០០០ខ្នង ត្រូវបានគេរំពឹង​ថា​ នឹង​បញ្ចប់​ការសាងសង់នៅ​ត្រឹមឆ្នាំ២០២៥ខាងមុខ។

លោក Desmond Lee រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ បានមានប្រសាសន៍ឱ្យដឹងថា ការជួលអចលនទ្រព្យ នៅក្នុងទីក្រុងសិង្ហបុរី បានកើនឡើងខ្លាំង ចាប់តាំងពីផ្ទុះជំងឺរាតត្បាត ដោយសារតែតម្រូវការកើនឡើងខ្លាំង ស្របពេលមានការពន្យារពេលក្នុងការសាងសង់។

ធនាគារកណ្តាលរបស់ប្រទេសសិង្ហបុរី បានអះអាងកាលពីខែមុនថា សន្ទុះនៃការកើនឡើងតម្លៃជួល មានកម្រិតមធ្យម ហើយតម្រូវការនឹងត្រូវបានខ្ទប់ មិនឱ្យពុះកញ្ជ្រោលខ្លាំង តាមរយៈការដំឡើងអត្រាការប្រាក់ខ្ពស់ និងកំណើនប្រាក់ឈ្នួលដែលមានកម្រិតមធ្យម។

ទោះជាយ៉ាងណាក្តី លោក Lee លើកឡើងថា យើងនឹងរក្សាការផ្គត់ផ្គង់លំនៅដ្ឋានជួលឱ្យមានសុខភាពល្អ សម្រាប់អ្នកទិញ ដែលរង់ចាំផ្លាស់ទៅកាន់ផ្ទះថ្មីរបស់ពួកគេ និងជនបរទេសដែលធ្វើការ និងសិក្សានៅក្នុងប្រទេសរបស់យើង។

លោក Desmond Lee បានមានប្រសាសន៍ឱ្យដឹងបន្ថែមថា វិធានការថ្មីទាំងនេះ នឹងអនុវត្តចំពោះតែអាផាតម៉ិន ដែលមានបន្ទប់គេងចំនួន៤ ឬធំជាងនេះប៉ុណ្ណោះ៕Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here