សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ២,៩ភាគរយ នៅត្រីមាសទី៣

ដោយ: គង់ លាងហួរ
តូក្យូៈ យោងតាមទិន្នន័យ ដែលត្រូវបានកែសម្រួលរួចបានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះលឿនជាងការប៉ាន់ប្រមាណបឋមនៅក្នុងត្រីមាសទី៣  ដែលធ្វើឱ្យធនាគារកណ្តាលជប៉ុនពិបាកក្នុងការលុបចោលគោលនយោបាយរូបិយវត្ថុដ៏ធូររលុងរបស់ខ្លួន។

ការថយចុះនៃការចំណាយរបស់អតិថិជន និងអាជីវកម្ម បានជំរុញឱ្យផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី៣របស់ប្រទេសជប៉ុនមានការធ្លាក់ចុះយ៉ាងគំហុក។

យោងតាមទិន្នន័យដាច់ដោយឡែកពីគ្នាបានបង្ហាញឱ្យដឹងថា ប្រាក់ឈ្នួលពិតប្រាកដ និងការចំណាយក្នុងគ្រួសារបានបន្តធ្លាក់ចុះក្នុងខែតុលា ដោយសារការអូសបន្លាយនៃបញ្ហាអតិផរណាបានធ្វើឱ្យអ្នកដើរទិញឥវ៉ាន់មានការបាក់ទឹកចិត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Kota Suzuki សេដ្ឋវិទូប្រចាំក្រុមហ៊ុន Daiwa Securities បានលើកឡើងថា “ការថយចុះនៃការប្រើប្រាស់ផ្ទាល់ខ្លួនទំនងជានឹងបន្តកើតមានសម្រាប់ពេលអនាគតដ៏ខ្លីខាងមុខ ដោយសារប្រាក់ចំណូលពិតប្រាកដអាចនឹងបន្តធ្លាក់ចុះ”។

យោងតាមទិន្នន័យ ដែលត្រូវបានកែប្រែរួចបានបង្ហាញថា សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ២,៩ភាគរយនៅក្នុងត្រីមាសទី៣ ពោលគឺគិតចាប់ពីខែកក្កដាដល់ខែកញ្ញា បើធៀបនឹងការប៉ាន់ស្មានបឋមពីមុន២,១ភាគរយ។

ការចំណាយមូលធននៅត្រីមាសទី៣បានធ្លាក់ចុះ០,៤ភាគរយ ធៀបនឹងការប៉ាន់ស្មានបឋម០,៦ភាគរយ ប៉ុន្តែទាបជាងការព្យាករណ៍ជាមធ្យមរបស់ទីផ្សារសម្រាប់ការធ្លាក់ចុះ០,៥ភាគរយ។

ការប្រើប្រាស់ឯកជន ដែលគ្របដណ្តប់ជាងពាក់កណ្តាលនៃសេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ០,២ភាគរយនៅក្នុងខែកក្កដាដល់ខែកញ្ញា ខណៈការប៉ាន់ស្មានបឋមពីមុនបង្ហាញថា ការប្រើប្រាស់ឯកជនបានស្ថិតក្នុងសភាពទ្រឹង។

យោងតាមទិន្នន័យរបស់ក្រសួងកិច្ចការផ្ទៃក្នុងបានបង្ហាញថា ស្របពេលដែលប្រាក់ចំណូលស្ថិតនៅទ្រឹង ការចំណាយរបស់គ្រួសារបានធ្លាក់ចុះ២,៥ភាគរយនៅក្នុងខែតុលាធៀបនឹងឆ្នាំមុន ដោយបានបន្តធ្លាក់ចុះអស់រយៈពេល៨ខែជាប់ៗគ្នា។

ទន្ទឹមគ្នានេះ ធនាគារកណ្តាលជប៉ុនបានសង្កត់ធ្ងន់ថា ខ្លួនត្រូវរក្សាអត្រាការប្រាក់ឱ្យស្ថិតនៅកម្រិតទាបបំផុត រហូតដល់អតិផរណាអាចធ្លាក់ចុះមកនៅត្រឹមគោលដៅ២ភាគរយ រួមជាមួយនឹងការដំឡើងប្រាក់ឈ្នួលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here