ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុន ធ្លាក់ចុះជិត ៦ភាគរយក្នុងរយៈពេល៩ខែ

ដោយ៖ សាវុធ
ភ្នំពេញ៖ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ជប៉ុនមានទឹកប្រាក់សរុបជាង ១,២ ពានលានដុល្លារ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២០ ធ្លាក់ចុះជិត ៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro)។
ទិន្នន័យ បង្ហាញថា ការនាំចេញពីកម្ពុជា មានតម្លៃសរុប ១ ២០៩,៩៨ លានដុល្លារ ចាប់ពីខែមករាដល់ដំណាច់ខែកញ្ញា ធ្លាក់ចុះ ៥,៦ ភាគរយពីចំនួន ១ ២៨១,២២ លានដុល្លារ កាលពីរយៈពេលដូចគ្នាឆ្នាំមុន ចំណែកការនាំទំនិញពីជប៉ុនមកកម្ពុជាវិញមានតម្លៃ ៣៣៩,៣៣ លានដុល្លារ ធ្លាក់ចុះ ១៤,៨ ភាគរយពីចំនួន ៣៩៨,៣៥ លានដុល្លារ។
ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីគឺមានតម្លៃសរុប ១ ៥៤៨,៣២ លានដុល្លារ ធ្លាក់ចុះ ៨,៤៧ ភាគរយ ពីចំនួន ១៦៧៩,៥៨ លានដុល្លារក្នុងរយៈពេលដូចគ្នាឆ្នាំ ២០១៩។ ក្នុងរយៈពេលខាងលើនេះកាលពីឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីកើន ១៣,៩ ភាគរយធៀបនឹងរយៈពេល ៩ ខែ ឆ្នាំ ២០១៨។
ទោះជាមានការធ្លាក់ចុះក្តី ស្ថានភាពនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មកម្ពុជា និងជប៉ុនគឺមានភាពល្អប្រសើរជាលំដាប់ ប៉ុន្តែអ្វីដែលធ្វើឱ្យទំហំពាណិជ្ជកម្មប្រទេសទាំង ២ ធ្លាក់ចុះគឺដោយសារជំងឺកូវីដ ១៩ ដែលបានរុញឱ្យសកម្មភាពពាណិជ្ជកម្មនៅស្ទើរគ្រប់ប្រទេសលើពិភពលោកធ្លាក់ចុះ។
កាលពីសប្តាហ៍មុន រដ្ឋសភាជាតិកម្ពុជា ទើបអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុននឹងធ្វើឱ្យទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន កើនឡើងបន្ថែមទៀត។
កាលពីឆ្នាំ ២០១៩ ការនាំចេញពីកម្ពុជាទៅទីផ្សារជប៉ុនសម្រេចបាន ១,៧ ពាន់លានដុល្លារ កើន ៧,៧ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។ នេះបើតាមទិន្នន័យ Jetro៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here