ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ៦៣៩.០០០តោន ក្នុងនោះបាននាំចេញទៅកាន់ប្រទេសវៀតណាម៦១៣.២០០តោន ស្មើនឹងទឹកប្រាក់ ៨២៩លានដុល្លារ ថយចុះប្រមាណ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នេះបើផ្អែកតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា។
លោកអួន សីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា បានប្រាប់ CNC នៅថ្ងៃទី១៧ តុលានេះថា ប្រហែល៩៥ភាគរយនៃគ្រាប់ស្វាយចន្ទីឆៅ (RCN) ត្រូវបាននាំចេញទៅប្រទេសវៀតណាមសម្រាប់កែច្នៃ ខណៈដែលមានតែ៥ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃដោយសិប្បកម្មក្នុងស្រុក ដោយសារសមត្ថភាពផលិតមានកម្រិត និងកង្វះចំណេះដឹង និងជំនាញសម្រាប់ការអភិវឌ្ឍឧស្សាហកម្មសិប្បកម្ម ដល់ការកែច្នៃចំណីអាហារ ប្រកបដោយស្តង់ដារសុវត្ថិភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខ្វះទុនបង្វិលសម្រាប់ទិញគ្រាប់ស្តុកទុក ដើម្បីកែច្នៃ និងមិនទាន់មានការលើកទឹកចិត្តលើផ្នែកពន្ធដារ។
លោកបានបន្តឲ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជា បានទម្លាក់ការព្យាករណ៍ ទិន្នផលស្វាយចន្ទីកម្ពុជាតាំងពីដើមឆ្នាំ ២០២៣មកម៉េ្លះ។ ការនាំចេញគ្រាប់ស្វាយចន្ទី មានការធ្លាក់ចុះប្រមាណ១៦%នេះ ព្រោះដោយសារ ទី១ កសិករបានកាប់ស្វាយចន្ទីមួយចំនួនចោល ដោយសារមូលហេតុប្រែប្រួលអាកាសធាតុ ធ្វើឱ្យគាត់ពិបាកក្នុងការថែទាំ ទី២ ការប្រជែងទិញរបស់សហគ្រាសក្នុងស្រុក ថ្វីត្បិតតែសហគ្រាសក្នុងស្រុករបស់យើង មានទុនបង្វិលទាបពិតមែន ប៉ុន្តែយើងហាក់ដូចជាមានការងើបឡើង ក្រោយពីមានគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ធ្វើឱ្យសហគ្រាសក្នុងស្រុក ដណ្តើមទិញពីការនាំចេញទៅក្រៅប្រទេស។
ប្រធានសមាគមរូបនេះ បានសំណូមពរឱ្យមានការបន្ធូរបន្ថយនូវលក្ខខណ្ឌកម្ចីមួយចំនួន ពីធនាគាររដ្ឋ និងឯកជន ដើម្បីឱ្យខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា មានភាពប្រសើរឡើងបានលឿន។ ដូច្នេះ លោកក៏ចង់ឱ្យមានការបន្ធូរបន្ថយ ផ្នែកពន្ធដារមួយចំនួនសម្រាប់សហគ្រាសក្នុងស្រុក ពិសេសក្នុងវិស័យស្វាយចន្ទី ដើម្បីឲ្យសហគ្រាស ក្នុងវិស័យស្វាយចន្ទីអាចងើបប្រសើរឡើង។
យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយ ចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ សព្វថ្ងៃនេះកម្ពុជាមានផ្ទៃដី ដាំស្វាយចន្ទីប្រមាណតែ៧០ម៉ឺនហិកតាប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២១ មាន៨០ម៉ឺនហិកតា។
កាលពីខែកញ្ញា គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ៧.០០០ ទៅ ៧.៥០០រៀល ក្នុងមួយគីឡូក្រាម ឬស្មើ១.៩០០ដុល្លារក្នុងមួយតោន។ តម្លៃនេះហាក់ឡើងខ្ពស់បន្តិច ធៀបនឹងតម្លៃមធ្យម១.៦៥៨ដុល្លារ ក្នុងមួយតោន៕