តែម សុខុម
ហុងកុង: យោងតាមផែនការដ៏មហិច្ឆតាបង្ហាញថា ប្រទេសចិន បានដាក់គោលដៅបង្កើនថាមពលកុំព្យូទ័រ (Computing Power) ៥០%នៅឆ្នាំ២០២៥ ខណៈក្រុងប៉េកាំង បង្កើនការផ្ដោតយកចិត្តទុកដាក់កាន់តែខ្លាំងលើ Supercomputer និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ផែនការធ្វើឡើងស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ជាច្រើនរាប់ចាប់ពីបន្ទះឈីប Supercomputer ដែលជាម៉ាស៊ីនកុំព្យូទ័រមានកម្លាំង និងសមត្ថភាពខ្លាំងក្លាជាងគេបំផុតលើលោករហូតដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រួមទាំងការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក លើឧបករណ៍ផលិតបន្ទះឈីបផងដែរ។
ផែនការដែលត្រូវបានបញ្ចេញកាលពីថ្ងៃច័ន្ទ ទី៩ ខែតុលា ដោយស្ថាប័នចំនួន៦នៅទីក្រុងប៉េកាំង រួមទាំងក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) ចិន នេះបានកំណត់គោលដៅបង្កើនថាមពលកុំព្យូទ័រសរុបរបស់ប្រទេសចិន ឱ្យឈានដល់ 300 EFLOPS នៅត្រឹមឆ្នាំ២០២៥។ EFLOPS គឺជារង្វាស់សម្រាប់វាស់វែងល្បឿនរបស់កុំព្យូទ័រ។
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) ចិន បានទម្លាយឱ្យដឹងកាលពីខែសីហា ថា ថាមពលកុំព្យូទ័ររបស់ប្រទេសចិន បានឈានដល់ 197 EFLOPS នៅឆ្នាំនេះ ដោយកើនឡើងពី 180 EFLOPS ក្នុងឆ្នាំ២០២២។ ក្រសួងនេះអាងថា ប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីទំហំថាមពលកុំព្យូទ័ររបស់សហរដ្ឋអាមេរិក នោះឡើយ។
ដោយសារការហ្វឹកហ្វឺនបញ្ញាសិប្បនិម្មិត (AI) ត្រូវការការគណនាច្រើន កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកការផ្គត់ផ្គង់ថាមពលកុំព្យូទ័របានក្លាយជាអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំង ត្រូវផ្ដោតយកចិត្តទុកដាក់កាន់តែខ្លាំងឡើង៕Reuters៕