ដោយ: គង់ លាងហួរ
អន្តរជាតិ: អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានដកចេញពីបញ្ជី ក្រុមមហាសេដ្ឋីអាមេរិកកំពូល៤០០នាក់របស់ទស្សនាវដ្តី Forbes ខណៈលោកកំពុងជាប់ក្តីក្តាំជាច្រើននៅតុលាការ។
បញ្ជី Forbes 400 គឺជាការចងក្រងប្រចាំឆ្នាំ នៃជនជាតិអាមេរិក ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ បំផុតចំនួន៤០០នាក់ ដោយវាយតម្លៃចំណាត់ថ្នាក់ ផ្អែកលើទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេ។
បញ្ជីនេះត្រូវបានបោះពុម្ពផ្សាយ ជាលើកដំបូងក្នុងឆ្នាំ១៩៨២ ហើយបុគ្គល ដែលអាចរាប់បញ្ចូលក្នុងបញ្ជីនេះបាន ត្រូវតែមានទ្រព្យសម្បត្តិអប្បបរមាចំនួន២,៩ពាន់លានដុល្លារអាមេរិក។
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Trump បានធ្លាក់ចុះ១៩% ឬ៦០០លានដុល្លារ មកនៅត្រឹម២,៦ពាន់លានដុល្លារអាមេរិក ពោលគឺខ្វះ៣០០លានដុល្លារទៀត ទើបអាចរាប់បញ្ចូលក្នុងបញ្ជីក្រុមមហាសេដ្ឋីកំពូលទាំង៤០០នាក់របស់ទស្សនាវដ្តីForbes។
មិនដូចទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនាំមុខគេ ក្នុងបញ្ជី Forbes 400 ដូចជា លោកElon Musk លោកJeff Bezos និងលោក Larry Ellison នោះទេ ទ្រព្យសម្បត្តិសុទ្ធរបស់លោកTrump បានស្រុតចុះអស់យ៉ាងច្រើន។
ការធ្លាក់ចុះនៃទ្រព្យសម្បត្តិ យ៉ាងសន្ធឹកសន្ធាប់នេះ កើតឡើង ស្របពេលដែលលោក Donald Trump ប្រឈមមុខនឹងការដំឡើងថ្លៃចំណាយលើផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងការចោទប្រកាន់រដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដូចជា ការកាត់ក្តីជុំវិញបទក្លែងបន្លំស៊ីវិល ដែលកំពុងបន្តនៅទីក្រុងញូវយ៉ក និងការកាត់ក្តីជាច្រើនទៀត ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ។
ការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់លោក Trump ត្រូវបានជំរុញដោយកត្តាស្នូលចំនួន២ដូចជា ទី១ ការបើកដំណើរការវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកកាលពីខែកុម្ភៈ ឆ្នាំមុន ទី២ អគារការិយាល័យជាច្រើន របស់លោកTrump បានខាតបង់តម្លៃ។ នេះបើយោងតាមទស្សនាវដ្តី Forbes៕