ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុនអេសស៉ីជី (SCG) រកចំណូលបាន១៩២.៥លានដុល្លារអាមេរិក នៅទីផ្សារកម្ពុជា នៅ៩ខែឆ្នាំ២០២០នេះ ខណៈដែលទ្រព្យសកម្មមានចំនួន៣៧៩លានដុល្លារ កើន ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២០។
របាយការណ៍ បានឱ្យដឹងថា ផ្អែកតាមរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២០ អេសស៉ីជី នៅកម្ពុជា ដែលធ្វើអាជីវកម្ម ផលិតស៊ីម៉ងត៍ និងអាជីវកម្មលក់គ្រឿងសំណង់ មានទ្រព្យសរុបចំនួន ១.៥៥០ប៊ីលានរៀល (៣៧៩លានដុល្លារអាមេរិក) កើនឡើង ៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ ក្រុមហ៊ុន សម្រេចបានចំណូលចំនួន ២៣៦ប៊ីលានរៀល (៥៧,៦លានដុល្លារអាមេរិក) ពីអាជីវកម្ម ផលិតស៊ីម៉ងត៍ និងអាជីវកម្មលក់គ្រឿងសំណង់ ។ តួលេខនេះ ធ្លាក់ចុះ ៦,៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
របាយការណ៍ បានបន្ថែមថា “សម្រាប់រយៈពេល ៩ខែនៃឆ្នាំ២០២០ ទីផ្សារកម្ពុជារបស់ អេសស៉ីជី សម្រេចបានចំណូលពីការលក់ចំនួន ៧៨៨ប៊ីលានរៀល (១៩២,៥លានដុល្លារអាមេរិក) ។ ក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២០ ជំងឺរាតត្បាតកូវីដ-១៩បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ទៅលើវិស័យសំខាន់ៗរបស់ប្រទេសកម្ពុជា ព្រមទាំងវិស័យសំណង់និងអចលនទ្រព្យផងដែរ”។
ប៉ុន្តែ ជាការរួមចំណែកលើកកម្ពស់គុណភាព នៃការរស់នៅរបស់ប្រជាជនកម្ពុជា អេសស៉ីជី បន្តផ្ដល់នូវផលិតផលគុណភាពប្រណីត ដូចជា ស៊ីម៉ងត៍ Portland និងផលិតផលដែលមានតម្លៃបន្ថែម ដូចជា ស៊ីម៉ងត៍បៀក និងបេតុងលាយស្រេចពិសេស ។
លើសពីនេះទៀត សេវាកម្មបច្ចេកទេស ៣៦០ដឺក្រេ និងសេវាកម្មផ្អែកលើតម្លៃ អាចជួយដល់អតិថិជនរបស់ យើងទទួលបាននូវសំណង់ដែលមានគុណភាពកាន់តែខ្ពស់។
ដោយឡែក បើសរុបលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ SCG ទាំងមូលសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០នេះ ប្រាក់ចំណេញបានកើនឡើង៥៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ដោយសារការរើបឡើងវិញ នៅក្នុងទីផ្សារសាកលនៃផលិតផលគីមី, កំណើននៃអត្រាផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ (HVA), គំរូអាជីវកម្មរឹងមាំនៃវិស័យធុរកិច្ចវេចខ្ចប់, និងកិច្ចប្រឹងប្រែងកែទម្រង់ធុរកិច្ចស៊ីម៉ងត៍និងគ្រឿងសំណង់ ដើម្បីបំពេញតម្រូវការអតិថិជនឲ្យបានកាន់តែប្រសើរឡើង ។
លោក Roongrote Rangsiyopash ប្រធាននិងអគ្គនាយក អេសស៉ីជី បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា លទ្ធផលប្រតិបត្តិការមិនទាន់ធ្វើសវនកម្មរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ បានបង្ហាញនូវចំណូលពីការលក់ចំនួន ១៣.២០៥ប៊ីលានរៀល (៣.២២២លានដុល្លារអាមេរិក) ដែលកើនឡើង ៥% បើប្រៀបធៀបនឹងត្រីមាសមុន។
លោក បានបន្តថា ទន្ទឹមនឹងនេះដែរ ប្រាក់ចំណេញសម្រាប់រយៈពេលនេះសម្រេចបានសរុប ១.២៧៤ប៊ីលានរៀល (៣១១លានដុល្លារអាមេរិក) កើនឡើង ៤% បើធៀបនឹងត្រីមាសទី២ ឆ្នាំនេះ។
លោក បានឱ្យដឹងទៀតថា “កំណើននេះ គឺដោយសារភាពប្រសើរឡើងវិញនៃអាជីវកម្មផលិតផលគីមី ដែលជំរុញដោយតម្រូវការកើនឡើង នៅក្នុងប្រទេសចិន និងនៅតំបន់អាស៊ី ជាទូទៅ និងលទ្ធផលអាជីវកម្មល្អប្រសើរជាងមុននៅក្នុងធុរកិច្ចស៊ីម៉ងត៍-គ្រឿងសំណង់”៕