អ្នកវិភាគអះអាងថា វិបត្តិអង្ករពិភពលោកនៅពេលនេះ មិនដូចឆ្នាំ២០០៨នោះទេ

ដោយ: គង់ លាងហួរ

អន្តរជាតិ: បន្ទាប់ពីប្រទេសឥណ្ឌា បានហាមឃាត់ការនាំចេញអង្ករ តម្លៃអង្ករបានហក់ឡើងថ្លៃ ប៉ុន្តែទំនងជាមិនឡើងដល់កម្រិត១០០០ដុល្លារអាមេរិក ក្នុងមួយតោនដូចក្នុងឆ្នាំ២០០៨នោះទេ។

ឥណ្ឌាដែលជាប្រទេសនាំចេញអង្ករ ច្រើនជាងគេក្នុងពិភពលោក កាលពីចុងខែមុនបានហាមឃាត់ ការនាំចេញអង្ករសមិនមែនអង្ករពូជបាស្មាទី (Basmati) ក្នុងគ្រាដែលមានភាពមិនច្បាស់លាស់លើផលិតកម្មក្នុងស្រុក ដែលបង្កើនការព្រួយបារម្ភ អំពីការផ្គត់ផ្គង់អាហារ ក្នុងចំណោមប្រទេសនាំចូលអង្ករធំៗ នៅទ្វីបអាស៊ីនិងអាហ្វ្រិក។

តម្លៃអង្ករប្រភេទបាក់៥% របស់វៀតណាម បាន​ហក់​ឡើង​ចំនួន២៥​ដុល្លារ​ក្នុង​មួយ​តោន។ នៅតាមតំបន់ដាំដុះស្រូវវៀតណាមមួយចំនួន អាជីវករបាននឹងកំពុងរើបម្រះទិញស្រូវ ដើម្បីបំពេញកិច្ចសន្យាដែលពួកគេបានចុះហត្ថលេខា ដោយជំរុញឱ្យតម្លៃកើនឡើងជាលំដាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Do Ha Nam អនុប្រធានសមាគមស្បៀងអាហារវៀតណាមបានមានប្រសាសន៍ថា តម្លៃអង្ករនាំចេញបានកើនឡើងដល់៧០០ដុល្លារ ក្នុងមួយតោននៅថ្ងៃទី១០ ខែសីហា ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨។

នៅថ្ងៃទី១៧ ខែសីហា បន្ទាប់ពីមានរបាយការណ៍ថា ប្រទេសឥណ្ឌា នឹងលុបចោលការហាមឃាត់ ការនាំចេញឆាប់ៗនេះ តម្លៃអង្ករបានចាប់ផ្តើមធ្លាក់ចុះម្តងទៀតជាថ្មី។

នៅប្រទេសវៀតណាម តម្លៃអង្ករលក់រាយបានកើនឡើងចន្លោះពី៣ពាន់ទៅ៥ពាន់ដុង ក្នុងមួយគីឡូក្រាមក្នុងខែសីហា រហូតដល់១៨.០០០ ទៅ២០.០០០ដុង (ប្រហែល០,៧៦ ទៅដល់០,៨៤ដុល្លារ)។

លោក Vo Tong Xuan អ្នកវិទ្យាសាស្ត្រដែលបង្កើតពូជស្រូវ និងបានទទួលពានរង្វាន់ជាច្រើនបាមានប្រសាសន៍ថា ក្នុងឆ្នាំ២០០៨ តម្លៃអង្ករនាំចេញ បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល១០០ឆ្នាំ គឺជាង១០០០ដុល្លារក្នុងមួយតោន ហើយពិភពលោកបានប្រឈមមុខ នឹងការខ្វះខាតស្បៀងអាហារនៅឆ្នាំ២០០៨នោះ។

លោកបន្តថា អាកាសធាតុ​មិន​មានភាពអំណោយផល តម្លៃ​ប្រេង​ឡើង​ខ្ពស់ ទុនបម្រុង​អាហារ​មាន​កម្រិត​ទាប ហើយ​តម្រូវការ​កំពុង​កើនឡើង​ ក្នុង​បណ្តាប្រទេស​មួយចំនួនដូចជា​ចិន និង​ឥណ្ឌា”​។

លោក Xuan បានអះអាងថា នៅឆ្នាំ២០០៨នោះ រដ្ឋាភិបាលវៀតណាម បានបញ្ជាឱ្យក្រុមហ៊ុននាំចេញមិនចុះហត្ថលេខា លើកិច្ចសន្យាថ្មី និងកាត់បន្ថយការនាំចេញ សម្រាប់ឆ្នាំនោះចំនួន៤,៥លានតោន។

ប៉ុន្តែ​ដោយ​សារបារម្ភ​ពី​តម្លៃ​ឡើង​ថ្លៃ និង​ការ​ផ្គត់ផ្គង់​តិច ប្រជាពលរដ្ឋ​បានប្រញាប់​ទៅ​ទិញ និង​ស្តុក​អង្ករទុក ប៉ុន្តែ​ឈ្មួញ​មិន​ព្រម​លក់​ទេ ដោយ​រង់ចាំ​ឱ្យតម្លៃ​អង្ករឡើង​ថ្លៃ​បន្ថែមទៀត។

លោក Xuan បានបន្ថែមថា សេណារីយ៉ូបែបនេះ ទំនងជាមិនកើតឡើងវិញទេ ទោះបីជាឥណ្ឌា ដែលជាប្រទេសគ្របដណ្តប់៤០% នៃការផ្គត់ផ្គង់អង្កររបស់ពិភពលោក បានហាមឃាត់ការនាំចេញអង្កររបស់ខ្លួនយ៉ាងណាក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here