កម្ពុជាចំណាយប្រាក់ជាង១០០០លានដុល្លារលើការនាំចូលប្រេង ​ក្នុងឆមាស​ទី​១នេះ

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ កម្ពុជា​បានចំណាយ​ប្រាក់​ជិត១,០៨​ពាន់​លាន​ដុល្លារ ​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ចំនួន៤ប្រភេទ ដើម្បី​បំពេញតម្រូវកា​រ​ប្រើប្រាស់​ក្នុងស្រុក​នា​ឆមាស​ទី​១ ឆ្នាំ២០២៣។ការនាំចូលនេះ ធ្លាក់ចុះ​ជិត១០​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​។​

ទិន្នន័យ​ដដែលបានបង្ហាញថា ចាប់ពី​ខែមករា​ ដល់ខែមិថុនា ឆ្នាំ ​២០២៣ ការ​នាំចូល​ប្រេង​ (៤ ​ប្រភេទ​)​ មាន​ទឹកប្រាក់ ១ ០៧៨,១៥​ លាន​ដុល្លារ​ធ្លាក់ចុះ៩,៧២ភាគ​រយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ប្រេងឥន្ធនៈ​ទាំង​៤នោះ​ រួមមាន ប្រេង​ម៉ា​ស៊ូ​ត​ (D.O)​ ចំនួន ៦៥១,៨៥​លាន​ដុល្លារ ធ្លាក់ចុះ៨,០៤ភាគរយ​ ប្រេង​សាំង ​(E.A) ៣៩០,៩៨​ លាន​ដុល្លារ ធ្លាក់ចុះ៥,៣​ភាគរយ​ ប្រេងសាំង​យន្ត​ហោះ​ (ZA1) ៣២,០៥លាន​ដុល្លារ ​កើន​​ឡើង៥៥,៨១​ភាគរយ និង​ប្រេង​ខ្មៅ​ (F.O) មាន​ចំនួន៣,២៦​លាន​ដុល្លារ ធ្លាក់ចុះ៩៣,៧១ភាគរយ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកវិភាគសេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បានមា​នប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការ​ធ្លាក់ចុះ​ចំនួន​ប្រាក់​នាំចូល​ប្រេងឥន្ធនៈ ​កាលពី​ឆមាស​ទី​១ ឆ្នាំនេះ គឺ​ដោយសារ​កត្តា​រួមផ្សំ​មួយចំនួន ​ដូចជា តម្លៃ​ប្រេង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ ខ្ពស់ជាង​ឆមាស​ទី​១ ឆ្នាំ​២០២៣ (​តម្លៃ​ប្រេង​បាន​កើន​ខ្ពស់ ​បន្ទាប់ពី​ជម្លោះ​ប្រដាប់អាវុធ ​រវាង​ប្រទេស​នាំចេញ​ប្រេង​រុស្ស៊ី​ ជាមួយ​អ៊ុយ​ក្រែ​ន​) ការធ្លាក់ចុះ​ចំនួន​រោងចក្រ​ /​សហគ្រាស ​ដែល​ប្រើ​ម៉ាស៊ីនភ្លើង​ផ្ទាល់​ កំណើន​រថយន្ត​អគ្គិសនី​ និង​ជាពិសេស​ការប្រើប្រាស់​ប្រេង​ខ្មៅ​សម្រាប់​ផលិត​អគ្គិសនី​នៅ​កម្ពុជា​ បាន​ធ្លាក់ចុះ​យ៉ាង​គំ​ហុក ​(​កំណើន​ថាមពល​អគ្គិសនី​ ទទួល​បាន​ពី​ថាមពល​កកើត​ឡើងវិញ​)​។​

លោកបញ្ជាក់ថា “សម្រាប់​ខ្ញុំ​ការធ្លាក់​ចុះ​ទឹកប្រាក់ ក្នុងការ​នាំចូល​ប្រេងឥន្ធនៈ​ កាលពី​ឆមាស​ទី​១ កន្លងមក គឺ​មិន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការធ្លាក់ចុះ​នៃ​សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុជា​ឡើយ”។លោកបន្តថា “ការ​ថម​ថយ​នេះ គឺ​ដោយសារ​រោងចក្រ និង​សហគ្រាស​នៅ​កម្ពុជា​ស្ទើរ​ទាំងអស់​បាននាំគ្នា​ងាក​មក​ប្រើ​អគ្គិសនី ​ដែល​ផលិត​ពី​ប្រភព​ស្អាត ​(​មិន​បំពុលបរិស្ថាន​)​ កាន់តែច្រើន​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here