មន្ត្រីជំនាញៈកម្ពុជានឹងជំរុញអត្រាធានារ៉ាប់រងឱ្យកើនដល់៥,៥ភាគរយនៃផលទុនជាតិសរុបក្នុងឆ្នាំ២០៣០

        ដោយៈ ហ្វីអូណា

        កំពតៈ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងដល់ប្រមា​ណ៣៣២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រាប្រមាណ១,១៧% នៃផលិត​ផលក្នុងស្រុកសរុប។

មន្ត្រីជំនាញបញ្ជាក់ថា អត្រានេះស្ថិតក្នុងកម្រិតទាបនៅឡើយ បើធៀបនឹងបណ្តាប្រទេសផ្សេងៗ ហើយកម្ពុជាអះអាងថា នឹងជំរុញអត្រាធានារ៉ាប់រងឱ្យកើនដល់ ៥,៥% នៃ ផ.ស.ស នៅឆ្នាំ២០៣០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងទិវាធានារ៉ាប់រងជាតិកម្ពុជា ដែលធ្វើឡើងនៅបរិវេណពហុកីឡដ្ឋានខេត្តកំពត នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ បានលើកឡើងថា វិស័យធានារ៉ាប់រងកម្ពុជា មានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គា​ល់ក្នុងរយៈពេលជិតពីរទសវត្សកន្លងមកនេះ។

លោកបញ្ជាក់ថា ជាក់ស្តែងទីផ្សារធានារ៉ាប់រងកម្ពុជា បច្ចុប្បន្ន មានគ្រឹះស្ថានធានារ៉ាប់រងសរុបចំនួន៩៧ ក្នុងនោះរួមមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១, ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន២០ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន៣៤ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន៣ កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង។

ជាមួយនឹងកំណើនគ្រឹះស្ថានធានារ៉ាប់រងនេះ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជាបានកើនឡើង ដល់ប្រមាណ៣៣២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយបានចូលរួមចំណែក ក្នុងសេដ្ឋកិច្ចកម្ពុជាជា អត្រាប្រមាណ១,១៧% នៃ ផ.ស.ស. និងដង់ស៊ីតេធានារ៉ាប់រងចំនួន ២០,៥៣ ដុល្លារអាម៉េរិកក្នុងមួយនាក់។ អត្រានេះស្ថិតនៅកម្រិតទាបនៅឡើយបើធៀបនឹងបណ្តាប្រទេសផ្សេងៗ។

ជាមួយគ្នានេះដែរ លោកប៊ូ ច័ន្ទគីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជាបានលើកឡើងថា ផ្អែកតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និយ័តករធានារ៉ាប់រងកម្ពុជា ក៏មានផែនការក្នុងការជំរុញ អត្រាធានារ៉ាប់រងឱ្យកើនដល់ ៥,៥% នៃ ផ.ស.ស នៅក្នុងឆ្នាំ២០៣០ផងដែរ។

ទិវាធានារ៉ាប់រងកម្ពុជា មានគោលបំណងសំខាន់ចំនួន៣ដូចជា ទី១.ជាការលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន ទី២ ជាការបង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យមានពិពិធកម្ម ផលិតផលហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ក្នុងអណត្តិទី៦ របស់រាជរដ្ឋាភិបាល និងទី៣ ជាការបង្ហាញដល់សាធារណជនឱ្យបានជ្រាបថា វិស័យធានារ៉ាប់រងជាផ្នែកដ៏សំ​ខា​ន់មួយនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលមានតួនាទីក្នុងការចូលរួមចំណែកកសាងសំណាញ់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចថ្នាក់ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here