ក្រសួងពាណិជ្ជកម្មនិងNBCសហការគ្នាផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ “ក.ប.ប” នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានសហការជាមួយធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូ​លគ្នានៃធុរកិច្ច”។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោកហេង បូមករា អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា និងជាសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា«គ.ប.ក.» និងមានការចូលរួមពីសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ និងធុរជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុសរុបប្រមា​ណ២០០រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ថា នឹងដើរតួជាវេទិកាមួយក្នុងការផ្សព្វផ្សាយ បញ្រ្ជាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេសដល់ធុរជន ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ឱ្យបានទូលំទូលាយអំពីច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាពិសេសអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ នឹងចាប់អនុវត្តពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

អនុក្រឹត្យនេះ ក៏បានកំណត់នូវកាតព្វកិច្ចសំខាន់ៗចំនួន៣ ដែលធុរជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ត្រូវតែដឹងអំពីកាតព្វកិច្ចទាំងនេះ រួមមានទី១ ការជូនដំណឹងជាមុនអំពីការរួមបញ្ចូលគ្នា នៃធុរកិច្ច ទី២ ការជូនដំណឹងជាក្រោយអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងទី៣ការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច។

សិក្ខាសាលានេះដែរ ក៏ជួយជំរុញឱ្យធុរជនដែលធ្វើធុរកិច្ចក្នុងវិស័យនេះ ធ្វើការប្រកួតប្រជែងគ្នាប្រកបដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ចដោយស្មោះត្រង់ និងសុចរិត ការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងលើកកម្ពស់ការអនុវត្តច្បាប់ស្ដីពី ការប្រកួតប្រជែង អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នា នៃធុរកិច្ចប្រកបដោ​យប្រសិទ្ធភាព ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងជួយឱ្យធុរជនក្នុងវិស័យនេះ មានមូលដ្ឋានគតិយុត្ត ក្នុងការស្នើសុំរួមបញ្ចូលគ្នានៃធុរកិច្ចរបស់ខ្លួនតាមនីតិវិធីជាធរមាន។

នេះជាសិក្ខាសាលាលើកទី១ ដែលអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយធនាគារជាតិនៃកម្ពុជា រៀបចំផ្សព្វផ្សាយដល់ធុរជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រកួតប្រជែង និងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here