តម្លៃហាងឆេងដីធ្លីនៅតាមតំបន់ជាយក្រុងហូជីមិញបន្តដាំក្បាលចុះខ្លាំងហៅមិនឮ

ដោយៈ តែម សុខុម

ហូជីមិញ: តម្លៃហាងឆេងដីនៅជាយក្រុងហូជីមិញ ប្រទេសវៀតណាម បានដាំក្បាលចុះខ្លាំងរហូតដល់ទៅ៣០% ដោយសារការធ្លាក់ចុះតម្រូវការជះផលប៉ះពាល់ខ្លាំងដល់ទីផ្សារ។

យោងតាមសារព័ត៌មានVN Express ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៩ ខែកក្កដា បង្ហាញថា នៅសង្កាត់ Hoc Mon ឈ្មួញកណ្តាល ឬ អ្នកគួកជេកំពុងប្រកាសលក់ដី ត្រឹមតែ៨០០ដុល្លារប៉ុណ្ណោះក្នុង១ម៉ែត្រការ៉េ ប៉ុន្តែនៅតែគ្មានអ្នកទិញ សូម្បីបញ្ចុះតម្លៃ២៧%ហើយយ៉ាងណាក្ដី។

នៅក្នុងសង្កាត់ Binh Chanh ដីមួយក្បាលដែលមានតម្លៃ២,៥៤លានដុល្លារអាមេរិក កាលពីឆ្នាំមុនត្រូវបានដាក់លក់ ក្នុងតម្លៃត្រឹមតែ១,៥លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែមិថុនា។ អ្នកគួកជេនៅមូលដ្ឋានម្នាក់ឈ្មោះ Dien និយាយថា អតិថិជនម្នាក់បានមើលដីនេះរួចហើយ ប៉ុន្តែមិនទាន់ព្រមព្រៀងនឹងតម្លៃនៅឡើយទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯនៅក្នុងសង្កាត់ជិតខាង Nha Be ដីមួយក្បាលដែលមានទំហំ៨៥ម៉ែត្រការ៉េ ត្រូវបានលក់ក្នុងតម្លៃ១០៥.០០០ដុល្លារអាមេរិក ដោយធ្លាក់ថ្លៃ១៩%។

ក្រុមអ្នកគួកជេនិយាយថា នៅក្នុងសង្កាត់ Cu Chi តម្លៃហាងឆេងដីបានធ្លាក់ចុះ ក្នុងចន្លោះពី៣០% ទៅ៤០%ធៀបនឹងឆ្នាំមុន។

អ្នកវិនិយោគអចលនទ្រព្យម្នាក់ អ្នកស្រី Nguyen Quynh Anh ដែលបានតាមដានទីផ្សារដីធ្លី ជាយក្រុងហូជីមិញ អស់រយៈពេល១៥ឆ្នាំមកនេះនិយាយថា ដីជាច្រើនក្បាលបានធ្លាក់ថ្លៃ រហូតដល់ទៅ៣៥%ធៀបនឹងឆ្នាំមុន ប៉ុន្តែអ្នកទិញនៅតែមិនទិញ ព្រោះពួកគេស្វែងរកទិញដីណាដែលលក់កាន់តែថោកជាងនេះ។

អ្នកស្រីបន្តថា ក្នុងរយៈពេល៦ខែចុងក្រោយនេះ មានតែក្បាលដីដែលលក់បញ្ចុះតម្លៃពី៤០% ទៅ៥០%ប៉ុណ្ណោះ ដែលត្រូវបានលក់ដាច់។ ហើយស្ថានភាពស្រដៀងគ្នានេះ ក៏កើតមានឡើងនៅក្នុងបណ្ដាខេត្តជិតខាងក្រុងហូជីមិញផងដែរ៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here