កម្ពុជាបានបំពេញលក្ខណៈវិ​និច្ឆ័យ៣ដើម្បីចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច

ដោយៈ ហ្វីអូណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងផែនការ បានបង្ហាញនូវលក្ខណៈវិនិច្ឆ័យចំនួន៣ ដើម្បីត្រៀមនាំកម្ពុជាចាកចេញ ពីឋានៈប្រទេសអភិវឌ្ឈន៍តិចតួចនាពេលខាងមុខ។

រដ្ឋលេខាធិការក្រសួងផែនការ លោករិន វីរៈ បានគូសបញ្ជាក់ជូនអង្គសិក្ខាសាលាកាលពីដើមសប្តាហ៍នេះថា កាលពីឆ្នាំ២០២១ កម្ពុជាបានបំពេញនូវលក្ខណៈវិនិច្ឆ័យទាំង៣ ជាលើកទីមួយ ដើម្បីត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលលក្ខណៈវិនិច្ឆ័យទាំង៣នោះ រួមមាន ទី១. ប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ (Gross National Income, GNI, per capita) ត្រូវធំជាង១.២២២ដុល្លារ។ កម្ពុជាមានប្រាក់ចំណូលជាតិសរុប សម្រាប់ មនុស្សម្នាក់ស្មើនឹង១.៣៧៧ដុល្លារ នៅឆ្នាំ២០២១។

ទី២. សន្ទស្សន៍ធនធានមនុស្ស (Human Assets Index, HAI) ត្រូវមានតម្លៃស្មើឬធំជាង៦៦ ។ កម្ពុជាទទួលបានពិន្ទុ៧៤,៣ នៅឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣. សន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ច និងបរិស្ថាន (Economic and Environmental Vulnerability Index, EVI) ត្រូវមានតម្លៃស្មើឬតូចជាង៣២។ កម្ពុជាទទួលបានពិន្ទុ៣០,៦ នៅឆ្នាំ២០២១។

លោករិន វីរៈបានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២៤ ខាងមុខ គណៈកម្មាធិការគោលនយោបាយ អភិវឌ្ឍន៍អង្គការសហប្រជាជាតិនឹងពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យទាំង៣ របស់កម្ពុជាជាលើកទីពីរ ម្តងទៀត ដើម្បីសម្រេចថា តើត្រូវស្នើបេក្ខភាពកម្ពុជាសម្រាប់ចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចដែរឬទេ។ ក្នុងករណីដែលប្រ​ទេសកម្ពុជាទទួលបានជោគជ័យ នៅក្នុងការវាយតម្លៃលើកទីពីរនេះ ប្រទេសកម្ពុជានឹងមានពេលបីឆ្នាំ សម្រាប់ត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ក្នុងន័យនេះ ដើម្បីទទួលបាននូវការឯកភាពមួយ អំពីរបាយការណ៍ស្តីពី ភាពងាយរងគ្រោះរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងតថភាពនៃប្រទេសកម្ពុជា និងដើម្បីឱ្យរបាយការណ៍ក្លាយជាមគ្គុទេសន៍សម្រា​ប់ការរៀបចំយុទ្ធសាស្ត្រ អន្តរកាលដោយរលូន។

លោករិន វីរៈ បានស្នើដល់អង្គសិក្ខាសាលាទាំងមូល ជាពិសេសឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាមន្ត្រីជំនាញគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមឱ្យសកម្ម ក៏ដូចជាស្វែងយល់ឱ្យបានច្បាស់ និងពិភាក្សាឱ្យបានក្បោះក្បាយអំពីទិដ្ឋភាពរួម និងចំណុចនីមួយៗនៃរបាយការណ៍ ដោយឆ្លុះបញ្ចាំងទៅលើបរិបទពិតរបស់ប្រទេសកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គការ UNDP, UNRC, UNCTAD, ILO, UNIDO, UNESCAP, Office of UN Resident Coordinator, World Bank និង FAO។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្ទៀងផ្ទាត់របាយការណ៍ស្ថានភាពងាយរងគ្រោះ ហើយ ដូច្នេះនឹងកំណត់នូវធាតុសំខាន់ៗសម្រាប់ផែនទីបង្ហាញផ្លូវជាតិ សម្រាប់ការចាកចេញ ដោយផ្តោតទៅលើ ការផ្ដល់ដំណោះស្រាយ និងការកាត់បន្ថយនូវភាពងាយរងគ្រោះសំខាន់ៗ (មានការយល់ដឹងនិងឯកភាព

គា្នទៅលើភាពចាំបាច់ ក្នុងការកសាងនិងពង្រឹងភាពធន់សេដ្ឋកិច្ចរបស់ប្រទេស និងបរិវត្តកម្មរចនាសម្ព័ន្ធ បន្តទៀត សម្រាប់ជាមូលដ្ឋានដើម្បីទទួលបានសមិទ្ធិផល អភិវឌ្ឍន៍ប្រកបដោយចីរភាព និងផលជះវិជ្ជមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here