CBRE Thailand អះអាងថា ជនបរទេសនឹងក្លាយជាប្រភពជំរុញកំណើននៃវិស័យអចលនទ្រព្យរបស់ប្រទេសថៃរហូតដល់ត្រីមាសទី៤

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផ្តល់សេវាកម្ម និងវិនិយោគអចលនទ្រព្យ CBRE Thailand បានព្យាករណ៍ថា វិស័យអចលនទ្រព្យរបស់ប្រទេសថៃនឹងបន្តរីកចម្រើនរហូតដល់ត្រីមាសទី៤ ដែលជំរុញមកពីការកើនឡើងនៃតម្រូវការពីអតិថិជនក្រៅប្រទេស។

ប្រធានផ្នែកលក់លំនៅដ្ឋានរបស់ CBRE លោកស្រី Artitaya Kasemlawan បានមានប្រសាសន៍ថា “ការលក់របស់ក្រុមហ៊ុនទៅឱ្យអ្នកទិញបរទេសក្នុងវិស័យខុនដូបានកើនឡើង៣៨៣% ហើយការលក់អចលនទ្រព្យលំនៅដ្ឋានបានកើនឡើង២៣៣%ក្នុងឆ្នាំ២០២២”។

លោកស្រី Artitaya បានបញ្ជាក់ថា ៨៩% នៃអតិថិជនគិតចាប់ពីឆ្នាំមុនរហូតដល់ដើមឆ្នាំនេះ គឺជាជនជាតិថៃ ចំណែក១១% ទៀតជាអតិថិជនបរទេស ដែលភាគច្រើនមកពីប្រទេសចិន ហុងកុង តៃវ៉ាន់ មីយ៉ាន់ម៉ា សិង្ហបុរី និងជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងនេះក្តី អតិថិជនបរទេសនៅក្នុងវិស័យខុនដូជាធម្មតាមានថវិកាធំជាង (ចន្លោះពី១៥ ទៅ៣០លានបាត) ហើយចូលចិត្តរស់នៅក្នុងសង្កាត់ពាណិជ្ជកម្មរបស់ទីក្រុងបាងកក ដូចជា សាថុន លូមភីនី និងស៊ូឃ្យូមវីត ក៏ដូចជានៅតាមច្រាំងទន្លេចៅប្រាយ៉ាផងដែរ។

ចំពោះអចលនទ្រព្យលំនៅដ្ឋានវិញ អតិថិជននៅក្រៅប្រទេសជាធម្មតានាំមកជាមួយថវិកាចន្លោះពី៥១ រហូតទៅដល់៨០លានបាត ហើយពួកគេចាប់អារម្មណ៍ទិញផ្ទះនៅភាគខាងកើតទីក្រុងបាងកក។

លោកស្រី Artitaya បានមានប្រសាសន៍ថា ផ្ទះដែលមានបន្ទប់គេងចំនួន៤គឺមានប្រជាប្រិយភាពជាពិសេសក្នុងចំណោមអ្នកទិញជនជាតិចិនដែលមានថវិការហូតដល់១០០លានបាត។

លោកស្រី Artitaya បានឱ្យដឹងទៀតថាផ្ទះចុងសប្តាហ៍ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកទិញនៅអឺរ៉ុបផងដែរ ដូចជារុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលសុខចិត្តចំណាយប្រាក់ពី១៥ ទៅ៣០លានបាតដើម្បីទិញ ដោយបន្ថែមថា កោះភូកេត និងហួហ៊ីន គឺជាទីតាំងពេញនិយមបំផុតចំនួនពីរ។

លោកស្រី Artitaya បានលើកឡើងពីប្រទេសមីយ៉ាន់ម៉ាថា ជាទីផ្សារកំពុងរីកលូតលាស់មួយសម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសថៃ ដោយកត់សម្គាល់ថា អតិថិជនជនជាតិមីយ៉ាន់ម៉ាបានទិញអចលនទ្រព្យតម្លៃចាប់ពី៥ទៅ១០០លានបាត។

លោកស្រី​បាន​បន្ថែមថា “អតិថិជនមីយ៉ាន់ម៉ា​ចាប់អារម្មណ៍​នឹង​ផ្ទះ​ដែល​មាន​បន្ទប់​គេង​ចំនួន៤ ដែល​មាន​ទីតាំង​នៅ​ភាគ​កណ្តាល ឬ​ភាគ​ខាង​កើត​ទីក្រុង​បាងកក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here