ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Sena Development Plc ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនថៃ SET គ្រោងអភិវឌ្ឍគម្រោងខុនដូតម្លៃទាប និងតម្លៃសមរម្យបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការថយចុះសក្តានុពលនៃកម្លាំងទិញដែលបណ្តាលមកពីតម្លៃលំនៅដ្ឋានកាន់តែខ្ពស់។
លោក Atika Boonrodchoo ជំនួយការនាយកគ្រប់គ្រងរបស់ក្រុមហ៊ុនបានមានប្រសាសន៍ថា តម្លៃលំនៅដ្ឋានត្រូវបានគេរំពឹងថានឹងកើនឡើង៥% នៅឆ្នាំ២០២៣នេះ ដោយសារការកើនឡើងនៃតម្លៃសំណង់ រួមទាំងសម្ភារៈ និងប្រាក់ឈ្នួលកម្មករ។
លោកស្រីបន្តថា “អំណាចទិញអាចនឹងមិនអាចកែសម្រួលបានស្របតាមតម្លៃលំនៅដ្ឋានខ្ពស់នោះទេ ហើយជាការឆ្លើយតប យើងនឹងដាក់ចេញគម្រោងខុនដូដែលមានតម្លៃសមរម្យបន្ថែមទៀតនៅក្នុងទីតាំងនៅខាងក្រៅទីក្រុងបាងកក ដែលតម្លៃនៃការអភិវឌ្ឍន៍ទាបជាងបើធៀបនឹងតំបន់ខាងក្នុងទីក្រុង”។
ខណៈដែលរដ្ឋាភិបាលថៃថ្មីអាចដំឡើងប្រាក់ឈ្នួលអប្បបរមា ក្រុមហ៊ុននឹងតាមដានយ៉ាងដិតដល់នូវគោលនយោបាយ និងវាយតម្លៃថាតើការអនុវត្តនេះនឹងធ្វើឡើងភ្លាមៗ ឬជាដំណាក់កាល។
លោកស្រីបានបញ្ជាក់ថា “យើងនឹងខិតខំរក្សាតុល្យភាពឱ្យបានល្អប្រសើរចំពេលមានស្ថានភាពដ៏លំបាក ហើយយើងនឹងធ្វើការជាមួយអ្នកម៉ៅការដើម្បីកែសម្រួលការចំណាយមួយចំនួនដើម្បីទប់ទល់នឹងការដំឡើងប្រាក់ឈ្នួល”។
លោកស្រីបានបន្ថែមទៀតថា “នេះអាចឱ្យក្រុមហ៊ុនរក្សាការចំណាយក្នុងកម្រិតសមហេតុផលសម្រាប់ការលក់ផលិតផល និងកាត់បន្ថយផលប៉ះពាល់លើប្រាក់ចំណេញ និងអំណាចទិញរបស់អតិថិជន”។
ដោយសារអតិថិជននៅក្រៅប្រទេសភាគច្រើនរបស់ក្រុមហ៊ុនគឺជាជនជាតិចិន ដូចនេះក្រុមហ៊ុននឹងតាមដានយ៉ាងដិតដល់នូវគោលនយោបាយបរទេសរបស់រដ្ឋាភិបាលថៃថ្មី ហើយក្រុមហ៊ុននេះនឹងកែសម្រួលយុទ្ធសាស្ត្រឱ្យស្របទៅតាមស្ថានភាពវិវត្តន៍៕