កត្តាធំៗចំនួន២កំពុងជំរុញ និងផ្តល់ឱកាសដល់ជនជាតិហុងកុងវិនិយោគលើអចលនទ្រព្យនៅប្រទេសអង់គ្លេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: ជនអន្តោប្រវេសន៍ហុងកុង ដែលធ្វើដំណើរទៅរស់នៅកាន់ចក្រភពអង់គ្លេស កំពុងរីករាយនឹងការធ្លាក់ចុះ នៃទីផ្សារលំនៅដ្ឋានរបស់ប្រទេសមួយនេះ ក្នុងពេលបច្ចុប្បន្ន ខណៈដែលវាបង្ហាញពីឱកាសវិនិយោគអចលនទ្រព្យមួយផ្សេងទៀត។

ជាក់ស្តែង លោកស្រី F. Chiu ជាជនជាតិហុងកុងដែលបានផ្លាស់ទៅទីក្រុងឡុងដ៍ ជាមួយឪពុកកាលពីជិតមួយឆ្នាំមុន កាលពីពេលថ្មីៗនេះ បានទិញផ្ទះល្វែងទំហំជិត១ពាន់ម៉ែត្រហ្វីត នៅគម្រោង TCRW Soho របស់ Galliard Homes ក្នុងតម្លៃ£២,១៥លានផោន(ប្រហែល២,៦៨លានដុល្លារ) ។

លោកស្រីក៏បាន​ទិញ​ផ្ទះ​មួយ​ល្វែង​ទៀត ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន ដែលលើក​នេះទិញនៅគម្រោង Orchard Wharf ស្ថិតក្នុង​ទីក្រុង London Docklands ហើយយូនីតដែលមានបន្ទប់គេងមួយ នៅក្នុងគម្រោងនេះ មានតម្លៃចាប់ពី៤៦០.០០០ផោនឡើងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Chiu ដែលស្នើសុំបង្ហាញតែឈ្មោះគ្រួសារបានអះ​អាងថា “បទពិសោធន៍នៃការទិញលើកដំបូង ផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តគ្រប់គ្រាន់ ក្នុងការទិញផ្ទះមួយផ្សេងទៀត”។លោកស្រីបន្ថែមថា “យើ​ងបានទិញអចលនទ្រព្យ Orchard Wharf ជាសាច់ប្រាក់ ហើយអ្នកជួលផ្ទះរបស់យើង បានផ្លាស់ចូលទៅរស់នៅ នៅថ្ងៃទី៣បន្ទាប់ពីខ្ញុំទទួលបានសោ”។

ការទិញផ្ទះលើកទីពីរ របស់លោកស្រី Chiu កើតឡើងចំពេលមានសំណាង។ ពោលគឺ កាលពីខែកញ្ញាឆ្នាំមុន រូបិយប័ណ្ណអង់គ្លេសបានធ្លាក់ថ្លៃ ដល់កម្រិតទាបរយៈពេលប្រាំឆ្នាំ គឺ១,០៨ដុល្លារអាមេរិក បន្ទាប់ពីរដ្ឋាភិបាល បានដាក់ចេញផែនការកាត់បន្ថយពន្ធ និងបន្ទុកលើបំណុលក្រោមរដ្ឋបាល គ្រប់គ្រងរយៈពេលដ៏ខ្លី របស់អតីតនាយករដ្ឋមន្ត្រី Liz Truss ។

យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា តម្លៃផ្ទះនៅចក្រភពអង់​គ្លេសក៏បានស្ថិតនៅក្រោមសម្ពាធ ចាប់តាំងពីធនាគារអង់គ្លេស (BOE) បានចាប់ផ្តើមរឹតបន្តឹងរូបិយវត្ថុនៅចុងឆ្នាំ២០២១។

យោងតាមទិន្នន័យចុងក្រោយ របស់រដ្ឋាភិបាលបានឱ្យដឹងថា នៅក្នុងខែកុម្ភៈ តម្លៃផ្ទះជាមធ្យមនៅចក្រភពអង់គ្លេស បានធ្លាក់ចុះក្នុងរយៈពេល៣ខែជាប់ៗគ្នា។

ដោយសារកម្រិតអតិផរណាប្រចាំឆ្នាំ មានអត្រាប្រហែល១០ភាគរយ ចាប់តាំងពីខែកក្កដា ហើយធនាគារកណ្តាលអង់គ្លេស (BOE) ទំនងជាបន្តដំឡើងអត្រាការប្រាក់ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ តម្លៃផ្ទះត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here