វិស័យគ្រប់គ្រងទ្រព្យសកម្មរបស់ប្រទេសចិននឹងកើនឡើងទ្វេរដង

ដោយៈ សុខុម

ហុងហុង: ឧស្សាហកម្មគ្រប់គ្រងទ្រព្យ សកម្មរបស់ប្រទេសចិន នឹងកើនឡើងទ្វេរដង ដែលឈានដល់ទំហំទឹកប្រាក់៤០,៤ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ខណៈកំណើនទ្រព្យសម្បត្តិបុគ្គល និងតម្រូវការប្រាក់សោធននិវត្តន៍ តម្រូវឱ្យក្រុមហ៊ុនហិរញ្ញវត្ថុនានា ធ្វើឱ្យប្រសើរឡើងនូវផលិតផល និងសេវាកម្មរបស់ខ្លួន។

ក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិដ៏ល្បីល្បាញ McKinsey & Company បានលើកឡើងក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ថា វិស័យនេះមានទំហំប្រមាណ១៨,៧ទ្រីលានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ២០២២​។

ការរីកចម្រើននៃឧស្សាហកម្មនេះ នឹងត្រូវបានជំរុញដោយកំណើនទ្រព្យសម្បត្តិបុគ្គល និងការរីកចម្រើននៃប្រព័ន្ធសោធននិវត្តន៍របស់សេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបង្ហាញថា ទ្រព្យសកម្មហិរញ្ញវត្ថុបុគ្គលរបស់ពលរដ្ឋចិន ត្រូវបានរំពឹងថានឹងកើនឡើងតម្លៃ ក្នុងអត្រាប្រចាំឆ្នាំ៩%ឈានដល់៦,៨៣ទ្រីលានដុល្លារអាមេរិក។

របាយការណ៍ដដែលបន្ថែមថា “ដោយសារតែកំណើនប្រាក់បញ្ញើធនាគារក្នុងស្រុក និងផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិ កំណែទម្រង់សោធននិវត្តន៍ និងរំហូរចូលយ៉ាងច្រើននូវមូលធនបរទេស ឧស្សាហកម្មគ្រប់គ្រងទ្រព្យសកម្មរបស់ប្រទេសចិន នឹងរក្សាបានកំណើនជាលំដាប់។ ភាពចាស់ទុំនៃប្រព័ន្ធ សោធននិវត្តន៍នឹងនាំមកនូវមូលធនរយៈពេលវែងយ៉ាងច្រើនសន្ធឹកសន្ធាប់”។

កំណើនយ៉ាងឆាប់រហ័ស នៃប្រជាជនដែលមានវ័យចាស់ក្នុងចំណោមប្រជាជន សរុប១,៤ពាន់លាននាក់ទូទាំងប្រទេសចិន បានញ៉ាំងឱ្យរដ្ឋាភិបាល ដាក់ចេញនូវកម្មវិធីពង្រីកសោធននិវត្តន៍ ឯកជននៅខែមេសា ឆ្នាំ២០២២ ហើយធនាគារ មូលនិធិ និងក្រុមហ៊ុនធានារ៉ាប់រងនានា ក៏បានចាប់ផ្ដើមបញ្ចេញផលិតផលថ្មីៗយ៉ាងច្រើន ដើម្បីដណ្ដើមចំណែកទីផ្សារ៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here