ប្រាក់ដុល្លារ ធ្លាក់ថ្លៃខ្លាំងនៅថ្ងៃពុធនេះ ខណៈវិបត្ដិពិដានបំណុរបស់អាមេរិក មិនទាន់ដោះស្រាយ

សុខុម

សិង្ហបុរី: ប្រាក់ដុល្លារ បានធ្លាក់ថ្លៃខ្លាំងនៅថ្ងៃពុធ ទី១០ ខែឧសភា នេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងសមាជិកសភាកំពូលៗបានបរាជ័យក្នុងការបំបែកភាពជាប់គាំងនៃវិបត្តិពិដានបំណុល (Debt Ceiling) និងនៅមុនទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក នឹងត្រូវចេញផ្សាយនៅថ្ងៃនេះ។

លោក ចូ បៃឌិន និងប្រធានរដ្ឋសភា លោក Kevin McCarthy នៅតែខ្វែងគំនិតគ្នាជុំវិញការដំឡើងពិដានបំណុល៣១,៤ទ្រីលានដុល្លារ របស់សហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃអង្គារម្សិលមិញ ដោយនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះមុនពេលសហរដ្ឋអាមេរិក អាចនឹងធ្លាក់ចូលក្នុងស្ថានភាពខកខានទូទាត់បំណុលតាមពេលវេលាកំណត់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ទោះជាយ៉ាងណា លោកទាំងពីរបានព្រមព្រៀងថានឹងជួបពិភាក្សាគ្នាបន្ថែមទៀត ហើយបានប្តេជ្ញាជួយជ្រោមជ្រែងដល់ការពិភាក្សាប្រចាំថ្ងៃអំពីចំណុចនានា ដែលអាចនាំឈានទៅដល់កិច្ចព្រមព្រៀង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ចូ បៃឌិន និងលោក Kevin McCarthy ព្រមទាំងថ្នាក់ដឹកនាំសភាកំពូល៣ផ្សេងទៀតគ្រោងនឹងជួបគ្នាម្តងទៀតនៅថ្ងៃសុក្រ សប្ដាហ៍នេះ។

ប្រាក់ដុល្លារ បានធ្លាក់ថ្លៃនៅក្នុងការជួញដូរនៅអាស៊ី ដោយប្រាក់អឺរ៉ូ បានឡើងថ្លៃ០,១១%ឈានដល់១អឺរ៉ូ ស្មើនឹង១,០៩៧១ដុល្លារអាមេរិក ហើយប្រាក់ស្ទើលីង (Sterling) របស់អង់គ្លេស បានឡើងថ្លៃ០,១%ដោយ១ Sterling ស្មើនឹង១,២៦៣៤ដុល្លារអាមេរិក។

ធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀត សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក បានធ្លាក់ថ្លៃចុងក្រោយ០,០៧%មកនៅត្រឹម១០១,៥៥ពិន្ទុ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here