ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេសុីសម្រេចបានកំណើន៤៣ភាគរយក្នុងទឹកប្រាក់៣០៤លានដុល្លារនៅត្រីមាសទី១

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ីបានកើនឡើង៤៣,២ ភាគរយដល់៣០៤លានដុល្លារ ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយនាពេលថ្មីៗនេះ។

ទំហំពាណិជ្ជកម្ម​នេះ ​ទើប​តែ​ទទួល​បាន​ការ​ជំរុញ​ បន្ទាប់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ីAirAsia បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ។  ក្រៅពីពាណិជ្ជកម្ម ការហោះហើរត្រង់ ក៏អាចលើកកំពស់វិស័យទេសចរណ៍ ការវិនិយោគ និងសកម្ម​ភាពសេដ្ឋកិច្ចផ្សេងៗទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ​បាន​កើនឡើង​ក្នុង​អំឡុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។  របាយ​ការណ៍​នោះ​បាន​អះអាងថា ចាប់​ពី​ខែ​មករា​ដល់​ខែ​មីនា ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ដែល​មាន​តម្លៃ ១២​លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ ​របស់​អាស៊ានមួយនេះ ដែល​កើន​ឡើង៧៤ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ទន្ទឹមនឹងនេះ ការនាំចូលរបស់កម្ពុជា ពីប្រទេសឥណ្ឌូនេស៊ី បានកើនឡើង៤២ភាគរយ រហូតដល់២៩២លានដុល្លារអាមេរិក។

កម្ពុជា និងឥណ្ឌូនេស៊ី ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ តាមរយៈការជំរុញការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារឥណ្ឌូនេស៊ីផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី AirAsia បានបើកដំណើរការជើងហោះហើរត្រង់ ពីទីក្រុងហ្សាកាតា មកកាន់ទីក្រុងភ្នំពេញជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា។

ជាមួយ​នឹង​ការ​ហោះ​ហើរ​ត្រង់​ គេ​សង្ឃឹម​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​នឹង​បន្ត​កើន​ឡើង។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបា​នមានប្រសាសន៍ថា ប្រទេសទាំងពីរមានសក្តានុពលខ្លាំង ក្នុងការអភិ​វឌ្ឍន៍វិស័យទេសចរណ៍បន្ថែមទៀត។

លោកបានបន្តទៀតថា “ការហោះហើរត្រង់នឹងដើរតួយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងសម្រួលដល់ការធ្វើដំណើររបស់ពាណិជ្ជករ និងអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា”។

នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ របស់ប្រទេសឥណ្ឌូនេស៊ីកាលពីខែមីនា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ ធ្លាប់បានជំរុញឱ្យភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជាអង្ករ ដំឡូងមី ស្វាយចន្ទី និងស្វាយ។

លោកក៏បានជំរុញឱ្យវិនិយោគិនឥណ្ឌូនេស៊ី ពិចារណាលើការវិនិយោគលើវិស័យកសិកម្ម ដូចជា ការបង្កើតម៉ាស៊ីនកិនស្រូវ ការកែច្នៃដំឡូងមីទៅជាផលិតផលឱសថ និងការវេចខ្ចប់សម្រាប់ប្រើប្រាស់ក្នុងស្រុក និងការនាំចូលផ្លែស្វាយ និងផ្លែឈើផ្សេងៗជាដើម។

ភាគីឥណ្ឌូណេស៊ីបានកត់សម្គាល់ថា កម្ពុជាបានអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងរឹងមាំ និងមានភាពធន់ និងបានបង្ហាញពីចេតនាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្មទ្វេរភាគី ការវិនិយោគ និងទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here