រដ្ឋមន្រ្តីពាណិជ្ជកម្មចូលរួមសន្និសីទស្តីពីការពង្រឹងសិទ្ឋអំណាច អ្នកប្រើប្រាស់

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ កាលពីព្រឹកថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប” បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ អ្នកប្រើប្រាស់ថ្នាក់ជាតិឆ្នាំ២០២៣ ក្រោមប្រធានបទ “ពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអនុវត្តដោយសុចរិតលើទីផ្សារ”។

សន្និសីទនេះ ត្រូវបានរៀបចំឡើង ដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” នៃក្រសួងពាណិជ្ជកម្ម ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្នុងគោលបំណងបង្ហាញអំពីតួនាទី កាន់តែសកម្មឡើងនូវកិច្ចការពារអ្នកប្រើប្រាស់ ក្នុងយុគសម័យនៃការអភិវឌ្ឍយ៉ាងលឿនផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីការធ្វើពាណិជ្ជកម្ម មិនសុចរិតតាមគ្រប់ទម្រង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងពិធីបើកអង្គសន្និសីទថ្នាក់ជាតិឆ្នាំ២០២៣ នេះ លោក រដ្ឋមន្ត្រីបានលើកឡើងថា សន្និសីទថ្នាក់ជាតិលើកនេះ ធ្វើឡើងដោយភ្ជាប់ជាមួយទិវាសិទ្ធិ អ្នកប្រើប្រាស់ពិភពលោកថ្ងៃទី១៥ ខែមីនា ដែលទើបកន្លងផុតទៅថ្មីៗនេះ ក្នុងគោលបំណងបញ្ជាក់ថា សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ត្រូវបានយកចិត្តទុកដាក់ និងទទួលបានការការពារដោយរដ្ឋាភិបាល នៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិពីការអនុវត្តអាជីវកម្មគ្មានសីលធម៌ ឬមិនមានភាពសុចរិត ទាំងក្រៅបណ្ដាញអ៊ីនធើណិត និងលើបណ្ដាញអ៊ីនធើណិត។

លោកបន្តថា ដើម្បីធានាបាននូវប្រសិទ្ធភាព នៃកិច្ចការពារអ្នកប្រើប្រាស់ អង្គការសហប្រជាជាតិ សម្រាប់កិច្ចការពារអ្នកប្រើប្រាស់ (UNGCP) បានចេញគោលការណ៍ណែនាំ ដល់ប្រទេសជាសមាជិកគួរបង្កើតក្របខណ្ឌច្បាប់ បទប្បញ្ញត្តិការពារអ្នកប្រើប្រាស់ ស្ថាប័នអនុវត្តច្បាប់ និងយន្តការដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលមានប្រសិទ្ធភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាអន្តរជាតិ លើការចែករំលែកព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធ នឹងកិច្ចការពារអ្នកប្រើប្រាស់។

ដូចគ្នានេះដែរ នៅក្នុងតំបន់អាស៊ាន កិច្ចការពារអ្នកប្រើប្រាស់ត្រូវបានចាត់ទុកជាបញ្ហាអាទិភាព និងបានកំណត់ក្នុងផែនការសកម្ម​ភាពយុទ្ធសាស្ត្រ សម្រាប់កិច្ចការពារអ្នកប្រើប្រាស់ ឆ្នាំ២០១៦-២០២៥ (ASAPCP) ព្រមទាំងបានលើកទឹកចិត្ត ដល់ប្រទេសជាសមាជិកក្នុងការបង្កើតក្របខណ្ឌបទប្បញ្ញត្តិ ដើម្បីឱ្យប្រព័ន្ធការពារអ្នកប្រើប្រាស់កាន់តែល្អប្រសើរ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ទោះបីជាប្រទេសកម្ពុជាមានរបបការពារអ្នកប្រើប្រាស់ក្មេងជាងគេ នៅក្នុងតំបន់អាស៊ានក៏ដោយ តែក៏កំពុងតែមានការរីកចម្រើន គួរឱ្យកត់សម្គាល់ផងដែរ។

ចាប់តាំងពីការអនុម័តដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់កាលពីឆ្នាំ២០១៩មក ឯកសារគតិយុត្តជាច្រើនទៀតត្រូវបានរៀប​រៀង និងអនុម័តឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានគោលការណ៍ណែនាំស្តីពីការបង្កើត សមាគមអ្នកប្រើប្រាស់តាមវិស័យ និងការដាក់ចេញនូវកម្មវិធីជាតិស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ដើម្បីធ្វើសុខដុមនីយកម្មក្របខណ្ឌ កិច្ចការពារអ្នកប្រើប្រាស់ឱ្យមានសង្គតិភាព សម្រាប់ជំរុញទីផ្សារ ឱ្យមានសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់ សំដៅពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងបង្កើនទំនុកចិត្តក្នុងធុរកិច្ច ដែលធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here