ADBព្យាករណ៍សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៥,៥ភាគរយក្នុងឆ្នាំនេះ និង៦ភាគរយនៅឆ្នាំ២០២៤

ដោយៈ លក្ខិណា

ភ្នំពេញៈ យោងតាមរបាយការណ៍ចេញ ផ្សាយនៅថ្ងៃទី ៤ មេសា ២០២៣ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រា៥,៥ភាគរយ ក្នុងឆ្នាំ២០២៣ និង៦ភាគរយ  នៅឆ្នាំ២០២៤។

កំនើននេះ នឹងត្រូវជំរុញដោយការងើបឡើងវិញដ៏រ៉ឹងមាំ នៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។

លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជា របស់ADBមានប្រសាសន៍ថា ទោះបីជាតម្រូវការពិភពលោក ចុះខ្សោ​យក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ២០២២ ជំរុញដោយការងើបឡើងវិញ នៃវិស័យទេសចរណ៍ដែលកំពុងបន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបន្តថា “ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រ៉ឹងមាំ ឱនភាពគណនីចរន្ត ដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ២០២៣”។

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី  ហៅកាត់ថា ADO ប្រចាំខែមេសា ឆ្នាំ ២០២៣ បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងកើនឡើង៧,៣ភាគរយ ក្នុងឆ្នាំ២០២៣ មុនពេលថយបន្តិចមកត្រឹម៦,៨ភាគរយនៅឆ្នាំ២០២៤ ។

សម្ពាធអតិផរណាត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣ភាគរយ ក្នុងឆ្នាំ២០២៣ និង៤ភាគរយ នៅឆ្នាំ២០២៤ ។ របាយការណ៍នេះរំលេចថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង បន្តបន្ទាប់របស់ប្រទេស ក្នុងការបង្កើនការវិនិយោគបៃតង ដើម្បីទទួលបានសក្ដានុពលកំណើនរយៈពេលវែង។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីនេះ លើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជា បានកើនឡើងប្រមាណ៥,២ភាគរយ ក្នុងឆ្នាំ ២០២២ ជាពិសេសដោយសារកំណើនតម្រូវការខាងក្រៅ លើផលិត​ផល និងសេវាកម្មទេសចរណ៍របស់កម្ពុជា ដែលជំរុញឡើងវិញនូវតម្រូវការអាហារ និងកន្លែងស្នាក់នៅ និងកំណើនអនុវវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន និងទំនាក់ទំនង ក្នុងស្រុក។

ជាមួយនឹងភាពប្រសើរឡើង នៃទំនុកចិត្តក្នុងការធ្វើដំណើរ និងការលុបចោលការរឹតបន្តឹងការធ្វើដំណើរ ការមកដល់នៃភ្ញៀវអន្តរជាតិបានស្ទុះងើបឡើងវិញយ៉ាងខ្លាំង ដល់ប្រហែល២,៣លាននាក់ក្នុងឆ្នាំ ២០២២ ពីមូលដ្ឋានទាបប្រហែល២00.000 កាលពីឆ្នាំ២០២១ ។ កំណើននៃវិស័យកសិកម្ម បានធ្លាក់ចុះនៅឆ្នាំ២០២២ ដោយសារតែតម្លៃប្រេងឥន្ធនៈ និង វត្ថុធាតុដើមសម្រាប់វិស័យកសិកម្មផ្សេងទៀត។

កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវបានព្យាករថា នឹងធ្លាក់ចុះ ដោយសារតែតម្រូវការខាងក្រៅខ្សោយនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់។

ទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីកំណែទម្រង់ គោលនយោបាយរួមទាំងច្បាប់វិនិយោគឆ្នាំ ២០២១ ដែលបានបង្កើតសេវាកម្ម ច្រកចេញចូលតែមួយ សម្រាប់អ្នកវិនិយោគ និងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here