អតិផរណានៅកម្ពុជា រឹពឹងថានឹងកើនឡើងក្នុងអត្រា៣,១% នៅឆ្នាំក្រោយ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ អត្រាអតិផរណានៅកម្ពុជា មធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា៣,១%ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុក ក្នុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក ត្រូវបានប៉ាន់ស្មានថានឹងនៅតែបន្តមានស្ថិរភាពក្នុងរង្វង់៤ ០៦៥រៀល ក្នុងមួយដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំនឿទុកចិត្តពីសំណាក់សាធារណជនលើការប្រើប្រាស់ប្រាក់រៀល តាមរយៈការអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ។

ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថារួមតូចបន្តិចមកត្រឹម ១៧,៣%នៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) ដោយសារការរំពឹងនៃការងើបឡើងវិញសន្សឹមៗនូវការនាំចេញ និងវិស័យទេសចរណ៍។ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថានឹងកើនឡើងដល់១៦ ៩៨១លានដុល្លារអាមេរិក និងធានាការនាំចូលបាន៨,០ខែ ដោយហេតុថាការនាំចូលរបស់កម្ពុជាក៏នឹងងើបឡើងបន្តិចវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទងនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារកម្ពុជា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០ នេះ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែង អតិផរណាបន្តរក្សាបានក្នុងកម្រិតទាបប្រមាណ ៣% ជាមួយនឹងស្ថិរភាពល្អនៃអត្រាប្តូរប្រាក់។

លោក បានបន្តទៀត ទុនបម្រុងអន្តរជាតិបន្តកើនឡើង និងមានកម្រិតស្មើនឹង ១០ខែនៃការនាំចូលទំនិញនិងសេវា។ ប្រព័ន្ធធនាគារមានភាពរឹងមាំ និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចនិងជួយបន្ធូរបន្ថយការលំបាករបស់វិស័យនានា និងប្រជាជនដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលពីជំងឺកូវីដ១៩ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងកាលពីថ្មីៗនេះថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ អត្រាអតិផរណាត្រូវបានគ្រប់គ្រងឱ្យមានកម្រិតទាបប្រមាណ ២,៥% ជាមួយនឹងស្ថិរភាពល្អប្រសើរនៃអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤.០៥០ រៀលក្នុងមួយដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ ទុនបម្រុងអន្តរជាតិដុលត្រូវបានគរពូនឱ្យមានកម្រិតខ្ពស់ជាលំដាប់រហូតដល់ ២០ ប៊ីលាន ដុល្លារអាមេរិក ស្មើនឹងប្រមាណ ១០ខែ នៃការនាំចូលទំនិញនិងសេវា ដែលខ្ពស់ជាង ៣ដង នៃកម្រិត អប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន (៣ខែ)។

ទ្រព្យសកម្មវិស័យធនាគារបានកើនឡើងយ៉ាង ឆាប់រហ័សពីប្រមាណត្រឹមតែ ០,៥ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៨ ដល់ ៥៦ ប៊ីលានដុល្លារអាមេរិក នាពេលបច្ចុប្បន្ន គឺកើនឡើងប្រមាណ ១១២ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here