មង្គលវីឡា ព្រៃវែងបុរីកំពុងលើកកំពស់បែបផែនជីវិតប្រជាជន ក្នុងតំបន់

  ដោយៈ គង់ សូរិយា

       ព្រៃវែងៈ ទីរួមស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បាននិងកំពុងប្រៀបបាននឹងទីក្រុងមួយ ស្របពេលតំបន់នេះ បានទាក់ទាញមនុស្សចូលទៅរស់នៅកាន់តែច្រើន និងទាក់ទាញគំរោងអភិវឌ្ឍន៍ជាច្រើន។

តំបន់នេះ នឹងក្លាយជាទីក្រុងមួយនាពេលអនាគត ខណៈក្រសួងមហាផ្ទៃ បានដាក់ចេញផែនការ​បង្កើតទីក្រុង នៅតាមទីរួមស្រុកធំៗទាំងអស់ទូទាំងប្រទេសនាពេលអនាគត ស្របពេលទីក្រុងដែលមានឋានៈស្មើនឹងស្រុក ត្រូវបានរាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះបាន​សម្រេចបង្កើតទីក្រុងជាបន្តបន្ទាប់ ដូចជា ទីក្រុងអរិយក្សត្រ ទីក្រុងឧត្តុងម៉ែជ័យ និងទីក្រុងសំពៅពូន ស្ថិតនៅព្រំប្រទល់ប្រទេសវៀតណាម។

លោកឌិន សុមេធារិទ្ឋប្រធានគំរោងអភិវឌ្ឍន៍មង្គលវីឡា ព្រៃវែងបុរីបានមានប្រសាសន៍ឲ្យដឹងថា ការដែលលោកសម្រេចចិត្តវិនិយោគគំរោងទំហំជាង៥០ហិកតានេះឡើង ក្នុងគោលដៅពង្រីកការអភិវឌ្ឍ​នៅមូលដ្ឋាន ដែលជាស្រុកកំណើតរបស់លោកផង និងលោកចង់ឲ្យ​ប្រជាជននៅតំបន់ជនបទ ទទួលបានសេវាកម្មរស់នៅ បែបទីក្រុងស៊ីវិល័យមួយ ស្របពេលជីវភាពប្រជាពលរដ្ឋនៅតំបន់នេះ មានជីវភាពធូរធារច្រើន និងចង់រស់នៅក្នុងជីវិតកាន់តែស៊ីវិល័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “យើងកំពុងរៀបចំផ្សារសហគមន៍ ដែលអនុញ្ញាត្តឲ្យប្រជាពលរដ្ឋ លក់ដូរដោយមិនគិតប្រាក់ កសាងរមណីយដ្ឋានមួយ ដែលសាធារណៈជនអាចចូលកំសាន្ត ញាំអាហារ អុំទូកកំសាន្ត ស្ទូចត្រីជាដើម”។ លោកបន្តថា “ក្រុមហ៊ុន ក៏បាននិងកំពុងរៀបចំផ្សារទំនើបបែបសហគមន៍(ស្រដៀងTK Avenue) នៅក្នុងគំរោងនេះ ដើម្បីឲ្យប្រជាពលរដ្ឋ ទិញផ្ទះអាជីវកម្មក្នុងគំរោងរបស់យើង អាចប្រក​បអាជីវកម្មបាន”។

មង្គលវីឡា ព្រៃវែងបុរី បាននិងកំពុងរៀបចំទស្សនទាននៃការអភិវឌ្ឍ ដោយផ្សារភ្ជាប់រវាងទឹក ដី និងដើមឈើ ដែលជាបរិបទនៃការរស់នៅថ្មី សមស្របនឹងនិន្នាការប្រែប្រួលអាកាសធាតុ។

លោកឌិន សុមេធារិទ្ឋ ដែលបានសិក្សាជំនាញអភិវឌ្ឍន៍ទីក្រុងបានមានប្រសាសន៍បន្តថា បែបផែននៃការអភិវឌ្ឍន៍របស់យើង គឺកសាងសហគមន៍ធម្មជាតិ ក៏ដូចជា សហគមន៍ជំនួញមួយ ដែលជាទីកន្លែងបង្កើតការកំសាន្ត ធ្វើអាជីវកម្ម និងផ្តល់ឲ្យអ្នករស់នៅក្នុងគំរោងនេះមានភាពត្រជាក់ត្រជុំ ដោយផ្សារភ្ជាប់ជីវិតនឹងធម្មជាតិ ផ្សារភ្ជាប់ជីវិតនឹងទិដ្ឋភាពស្រស់បំព្រង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here