វិនិយោគិនសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការពន្យារពន្ធ លើចំណេញមូលធន

        ដោយចរិយា

ភ្នំពេញៈ បន្ទាប់ពីមានការស្នើ សុំឱ្យពន្យារការអនុវត្តពន្ធលើចំណេញ មូលធនដែលនឹងត្រូវអនុវត្តន៍នៅដើមឆ្នាំ២០២១មក រដ្ឋាភិបាលបានសម្រេចពន្យារការអនុវត្តពន្ធនេះទៅឆ្នាំ២០២២វិញ។ ចំណាត់ការនេះទទួលបានការសាទរ ពីវិនិយោគិនអចលនទ្រព្យយ៉ា​ងខ្លាំង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា លោកសាទរចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការជួយអន្តរាគមន៍នូវអ្វីដែលវិស័យឯកជនស្នើសុំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការសម្រេចរបស់រាជរដ្ឋាភិបាលតាមការស្នើរបស់យើង បានបង្ហាញពីការស្ដាប់គ្នាទៅវិញទៅមក ជាក់ស្ដែងនៅពេលវិស័យឯកជន ត្រូវការឱ្យជួយរដ្ឋាភិបាលក៏ជួយ ដូច្នេះតទៅមុខកម្ពុជានឹងមានការរីកចម្រើនជាក់ជាមិនខាន”។ លោកបន្តថា “ការពន្យារនូវការអនុវត្តពន្ធ លើចំណេញមូលធន ពីសំណាក់រាជរដ្ឋាភិបាលត្រឹម១ឆ្នាំ ក៏ជារយៈពេលមួយ អាចឱ្យវិស័យអចលនទ្រព្យស្ដារឡើងវិញ បន្ទាប់ពីមានផលប៉ះពាល់ដោយ​សារតែកូវី១៩” ។

យ៉ាងណាក៏ដោយ លោកមិនទាន់ហ៊ានប្រាកដក្នុងចិត្តថា វិស័យនេះអាចនឹងល្អប្រសើរវិញ ក្នុងរយៈពេល១ឆ្នាំខាងមុខនោះទេ ក៏ប៉ុន្តែបើទោះបីជាវាល្អឬមិនល្អ ពន្ធលើចំណេញត្រូវអនុវត្តន៍ទៀត យើងរីករាយក្នុងការចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបង់ពន្ធនេះ។

ចំណែកលោកឧកញ៉ាបណ្ឌិតគីមហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer real Estate ក៏បានសរសេរសារបង្ហោះតាមបណ្ដាញសង្គមផ្ទាល់របស់ខ្លួនថា “គោរពអរគុណដល់iDol សម្ដេចតេជោហ៊ុនសែន សណ្ដោសប្រណីនិងការយោគយល់មួយនេះ ដែលសំដៅដល់ការពន្យារពេលអនុវត្តន៍ពន្ធលើចំណេញមូលធន”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង និងលោកច្រឹកសុខនីម កន្លងមកធ្លាប់បានស្នើទៅកាន់រាជរដ្ឋាភិបាលតាមបណ្ដាញព័ត៌មាន ក្នុងនោះគេហទំព័រCambodia Financial Timesក៏បានផ្សាយផងដែរ ឱ្យពន្យារក្នុងការអនុវត្តពន្ធ លើចំនេញមូលធនទៅឆ្នាំ២០២២ ឬឆ្នាំ២០២៣ ដោយសារតែឆ្នាំ២០២១ ដែលរដ្ឋាភិបាលគ្រោងអនុវត្តន៍ មិនទាន់បានត្រៀមខ្លួនរួចជាស្រេច និងជាឆ្នាំដែលវិស័យអចលនទ្រព្យ និងវិស័យផ្សេងទៀតរងគ្រោះពីវិបត្តិនៃជំងឺកូវីដ១៩ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២២ តុលា ២០២០ បានអោយដឹងថា សម្ដេចតេជោហ៊ុន សែននាយកមន្ត្រីបានសម្រេចពន្យាការអនុវត្តពន្ធលើចំណេញមូលធនទៅឆ្នាំ២០២២វិញ ដោយគ្រោងនឹងចាប់ផ្ដើមអនុវត្តន៍នៅថ្ងៃទី១ មករា ឆ្នាំ ២០២២ ។ ការអនុវត្តពន្ធលើចំណេញមូលធន ត្រូវបានពន្យារម្ដងរួចហើយកាលពីអំឡុងឆ្នាំ ២០០៧ ឆ្នាំ២០០៨ ព្រោះអំឡុងពេលនោះ កម្ពុជានិងពិភពលោកក៏ជួបនឹងវិបត្តិហិរញ្ញវត្ថុដូចគ្នាដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here